ព័ត៌មានជាតិ

អ្នករាវខ្ចៅម្នាក់ ត្រូវគេប្រទះឃើញលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានជិះទូកត្នោតទៅមើលត្រាវខាងក្រោយផ្ទះ បែរជាប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតក្នុងទឹក បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខ្វែងធំ ក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះខាងលើមានឈ្មោះ ឡូត ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររាវខ្ចៅលក់ ស្នាក់នៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានចុះទៅរាវខ្ចៅ នៅខ្វែងធំខាងក្រោយផ្ទះ ដើម្បីយកមកលក់ដូចសព្វដង ហើយមិនឃើញត្រឡប់មកផ្ទះវិញនោះទេ រហូតដល់វេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី ៤ ខែមិនា ឆ្នាំ២០១៧ ឈ្មោះ យិន មាស ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល បានជិះទូកត្នោតទៅមើលត្រាវនៅខាងក្រោយផ្ទះ ជិតផ្ទះជនរងគ្រោះ ក៏ប្រទះឃើញជនរងគ្រោះលង់ទឹកស្លាប់ ហើយអណ្តែតឡើង ក៏ហៅបងប្អូនអ្នកជិតខាងឲ្យទៅជួយមើល។

ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ខ្ពប បានទៅដល់កន្លែងកើតហេតុ នាំគ្នាជួយស្រង់សាកសពខាងលើឡើងមកលើគោក រួចពិនិត្យសាកសពដោយមានការចូលរួមពីលោកមេភូមិព្រៃទទឹង ឃើញថាជនរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន មិនមានស្លាកស្នាមអ្វីគួរឲ្យកត់ស្គាល់នោះទេ ទើបប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/ETkwE39hu0U

មតិយោបល់