ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួនប្រគល់ បន្ទាប់ពីជិះម៉ូតូដេញកាប់គ្នានៅ តាមដងផ្លូវសាធារណៈនិងកាប់ បំផ្លាញម៉ូតូរបស់គេដែលចតចោល រួចព្យាយាមជិះរត់គេចខ្លួន មកចូលក្នុងគោលដៅត្រួតពិនិត្យជាតិ អាកុលរបស់សមត្ថកិច្ច ។ ហេតុការណ៍នេះបានបង្ក ឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចរង្វង់មូលនាងមច្ឆា តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយ ចង្វា ។
ជនសង្ស័យទី១-ឈ្មោះ តែម សីហា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ទី២-ឈ្មោះ ឡុង ពិសី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិង ស្នាក់នៅមិនពិតប្រាកដ ។
តាមប្រភពពីជនរងគ្រោះឈ្មោះ តារា អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងមិត្តភក្តិបួនទៅ ប្រាំនាក់ទៀត បាននាំគ្នាទៅអង្គុយផឹកស៊ី នៅលើសួនច្បារក្បែរកន្លែងកើតហេតុ ។ ហើយដោយ ជនរងគ្រោះបាន ឈប់ចតម៉ូតូរបស់ខ្លួនមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FR-8736 នៅត្រង់ចំណុចកើតហេតុ ដែលនៅឆ្ងាយពីកន្លែងដែលជនរងគ្រោះអង្គុយផឹក ។ លុះដល់វេលាកើតហេតុក៏ស្រាប់តែ លេចមុខក្រុមក្មេងស្ទាវចំនួន២ក្រុម ដែលមួយក្រុមៗ មានគ្នាជិត២០នាក់ ប្រដាប់ទៅដោយដាវ ដំបង និងដុំថ្ម ស្ទើរគ្រប់ដៃ ។ ហើយបានជិះម៉ូតូមកឈប់ដេញវាយគ្នា យ៉ាងប្រសាចពេញផ្លូវ ក៏មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលទៅកម្សាន្ត នៅត្រង់ចំណុចរង្វង់មូលនាងមច្ឆាខាងលើ ។ ភ្លាមៗនោះ ជនរងគ្រោះក៏បម្រុងដើរទៅយកម៉ូតូរបស់ខ្លួនខាងលើ ចេញពីកន្លែងកើតហេតុ ប៉ុន្តែដោយជនរងគ្រោះ ភ័យខ្លាចគេវាយដោយទើបមិនហ៊ាន ចូលទៅយក ។ ហើយបន្ទាប់មក ក៏ស្រាប់តែមានក្រុមក្មេងស្ទាវទាំងនោះ បានយកដំបង និងដាវមកវាយកាប់បំផ្លាញ ម៉ូតូរបស់ជនរងគ្រោះដែលឈប់ចតចោល បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ។ បន្តិចក្រោយ មកក្មេងស្ទាវទាំងពីរក្រុម ក៏បាននាំគ្នារត់ចែកជើងគ្នា ចេញពីកន្លែងកើតហេតុ ។ ហើយជនរងគ្រោះក៏បានប្រញាប់ប្រញាល់រាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋានឲ្យធ្វើការជួយអន្តរាគមន៍ ភ្លាមៗ ផងដែរ ។
ប្រភពដដែលបន្តថា បន្ទាប់មកជនសង្ស័យ ចំនួន២នាក់ ដែលម្នាក់ត្រូវភាគីម្ខាងកាប់បណ្តាល ឲ្យរងរបួសដៃខាងឆ្វេង បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1J-8771 ។ ដែលបានជិះដឹកគ្នារត់គេចខ្លួនទៅជួបនិងសមត្ថកិច្ច ខណ្ឌឫស្សីកែវ ដែលកំពុងដាក់គោលដៅ ត្រួតពិនិត្យជាតិអាកុលនិងរឹតបន្តឹងច្បាប់ ត្រង់ចំណុចក្បែរឃ្លាំងសាំសូគីម៉ិចតាមបណ្ដោយផ្លូវជាតិ លេខ៥ក្នុងសង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ហើយក៏ត្រូវសមត្ថកិច្ចឃាត់យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវតែម្ដង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់ខាងលើ បានឆ្លើយបដិសេធថា ពួកគេមិនបានដឹងរឿងអ្វីនោះទេ ដោយនៅមុនពេលកើតហេតុ គឺគ្រាន់តែពួកគេទាំងពីរនាក់ ជិះម៉ូតូមកលេងនៅត្រង់ចំណុចកើតហេតុ ។ តែខណៈដល់វេលាកើតហេតុ ស្រាប់តែមានក្មេងស្ទាវបានវាយគ្នា ហើយដោយពួកគេភ័យខ្លាចក៏ជិះម៉ូតូរត់គេចចេញពីកន្លែងកើតហេតុ ។ តែពេលដែល ជិះចេញមកបានបន្តិច ក៏ត្រូវបានក្រុមក្មេងស្ទាវមួយក្រុម ជិះម៉ូតូដេញកាប់ បណ្ដាលឲ្យរងរបួសនិង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។
ក្រោយ ពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់រួមជាមួយ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ធ្វើការប្រគល់ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វានាំយកទៅ សាកសួរបន្តនិងកសាង សំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត ៕
មតិយោបល់