ព័ត៌មានជាតិ

Update៖ មនុស្សប្រុសស្រី៥នាក់ និងគ្រឿងញៀនចំនួន១៦កញ្ចប់ត្រូវសមត្ថកិច្ចបង្ក្រាបបាន

ភ្នំពេញៈ កម្លាំងនគរបាលសម្ងាត់ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលដឹកនាំដោយលោក ស៊ឹម ពិសិដ្ឋ អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌ បានទទួលបទបញ្ជាពីលោក ហ៊ុន សុធី អធិការនៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការល្បាតឃ្លាំមើល រក្សាការពារសន្តិសុខ ក្នុងមូលដ្ឋានក៏ដូចអនុវត្ត យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការចុះបង្ក្រាបជាក់ស្តែងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥នាក់ រួមទាំងវត្ថុតាងថ្នាំញៀនចំនួន១៦កញ្ចប់ ក្នុងនោះមាន៣កញ្ចប់ធំ ដាវចំនួន២ដើម ទូរសព្ទកញ្ចាស់១គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង និង ម៉ូតូចំនួន២គ្រឿង ។

ការចុះបង្ក្រាបនេះបានធ្វើឡើងចំនួន២ករណី នៅម៉ោង១១និង៣០នាទីព្រឹក រហូតដល់ម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៧ ផ្ទះលេខ៣០ តាមបណ្តោយផ្លូវរថភ្លើង ក្រុម៥៤ ភូម១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោក ស៊ឹម ពិសិដ្ឋ បានប្រាប់ឲ្យដឹងថា លោកបានដឹកនាំកម្លាំងចុះល្បាតជាលក្ខណៈសម្ងាត់ដោយជិះម៉ូតូតាមភូមិសាស្ត្រស្ថិតនៅម្តុំរោងចក្រឆ្នាំង ដែលហៅថាស្រែលាភ ក៏ប្រទះឃើញជនសង្ស័យប្រុសស្រីចំនួន២នាក់ ជិះម៉ូតូដឹកត្រីទៅលក់បានចូលទៅទិញគ្រឿងញៀនមួយកញ្ចប់តូច ក្នុងតម្លៃចំនួន២ម៉ឺនរៀល ហើយបានចាកចេញជិះទៅដល់ខាងមុខប៉ុស្តិ៍រដ្ឋបាលនគរបាលទឹកល្អក់១ KOBAN ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅម៉ោង១១និង៣០នាទីព្រឹក និងធ្វើការឆែកឆេរឃើញគ្រឿងញៀនចំនួន១កញ្ចប់តូច ដែលទិញក្នុងតម្លៃ២ម៉ឺនរៀល ដើម្បីយកទៅប្រើប្រាស់ ក៏បានឃាត់ខ្លួនមនុស្សចំនួន២នាក់ ដែលមានឈ្មោះ កែវ ចាស់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរដឹកត្រីយកទៅលក់នៅផ្សារទឹកថ្លា និង ឈ្មោះ ឈុន ផេន ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ត្រីនៅផ្សារទឹកថ្លា ស្នាក់នៅផ្ទះជួលម្តុំផ្សារទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងនោះដែរ កម្លាំងធ្វើការដកហូតបានថ្នាំញៀនក្រាមសថ្លាចំនួន១កញ្ចប់តូច ម៉ូតូហុងដាគុប សេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1O-5878 សម្រាប់ដឹកត្រី ។

ក្រោយពីសាកសួរជនសង្ស័យទាំង២នាក់បានសារភាពថា បានទិញថ្នាំញៀនពីទីតាំងផ្ទះលេខ៣០ តាមបណ្តោយផ្លូវរថភ្លើង ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ លោក ស៊ឹម ពិសិដ្ឋ អធិការរង បានដឹកនាំកម្លាំងចុះទៅឆែកឆេរជាក់ស្តែងឃាត់ខ្លួនមនុស្សប្រុសចំនួន៣នាក់ ទី១មានឈ្មោះ អ៊ុន រដ្ឋា ហៅ អាពី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះខាងលើ, ទី២មានឈ្មោះ ផល ហាក់ ហៅ អាហាក់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះខាងលើ, ទី៣មានឈ្មោះ ឡុង ធារ៉ា ហៅ អាង៉ោល ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះខាងលើ, រួមទាំងវត្ថុតាងដកហូតបានគ្រឿងញៀនចំនួន១៥កញ្ចប់ ក្នុងនោះមាន៣កញ្ចប់ធំ និង១២កញ្ចប់តូច ដាវមួយដើម ទូរសព្ទសាំស៊ុងស៊េរីចាស់១គ្រឿង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង ម៉ូតូម៉ាក Zoomer-X ពណ៌ខៀវលាយខ្មៅ ស្លាកលេខភ្នំពេញ 1GF-4643 និង ឧបករណ៍ប្រើប្រាស់ក្នុងការចែកចាយមួយចំនួនទៀត ។

នៅពេលកម្លាំងនគរបាលចុះទៅឆែកឆេរនៅតាមផ្លូវ មានយុវជនមួយក្រុមប្រហែលជិត១០នាក់បានប្រមូលផ្តុំគ្នា ក៏ឃើញសមត្ថកិច្ចមានការភិតភ័យរត់ចែកជើងគ្នាបាត់អស់ ក៏បន្សល់ទុកនៅដាវមួយដើមនៅតាមផ្លូវរថភ្លើង ។

បច្ចុប្បន្នជនសង្ស័យប្រើប្រាស់និងចែកចាយជួញដូរគ្រឿងញៀនទាំង៥នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាល ធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

https://youtu.be/Dc-AkzvoygE

មតិយោបល់