ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

កណ្តាលៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០ និង២០នាទី ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ជាប់រោងចក្រឃីងវេយ៍ ភូមិព្រែកត្រែង ឃុំព្រែកសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ហៃ សុខាឡៃ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកោះគរ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល និងជនសង្ស័យទី២ឈ្មោះ អាត ពេជ្រ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ថ្នាំញៀន ស្នាក់នៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

ក្នុងនោះដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន ម៉ាទឹកកក ចំនួន១កញ្ចប់តូច និងឧបករណ៍វិចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួន,ទូរសព្ទចំនួន២គ្រៀង ម៉ាកណូគា១ និងម៉ាកញ៉ូហ្វូន១។

មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះរបស់ឈ្មោះ អាត ពេជ្រ ស្ថិតក្នុងភូមិកើតហេតុខាងលើ កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ បានចុះទៅដល់ចំណុចផ្លូវបេតុងជាប់រោងចក្រឃីងវេយ៍ ភ្លាមនោះកម្លាំងសមត្ថកិច្ចនគរបាលយើង បានជួបជនសង្ស័យឈ្មោះ ហៃ សុខាលឡៃ រួចធ្វើការត្រួតពិនិត្យ រកឃើញគ្រឿងញៀន ម៉ាទឹកកក ចំនួន១កញ្ចប់តូច រួចឃាត់ខ្លួនបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល សិត្បូដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ហៃ សុខាឡៃ បានសារភាពថា ខ្លួនបានទិញគ្រឿងញៀនពី ឈ្មោះ អាត ពេជ្រ ចំនួន១កញ្ចប់តូច ក្នុងតម្លៃ៣០,០០០រៀលដើម្បីយកទៅប្រើប្រាស់។

បន្ទាប់មកសមត្ថកិច្ចនគរបាលស្រុកស្អាង បានបន្តទៅឃាត់ខ្លួនឈ្មោះ អាត ពេជ្រ ភេទប្រុស នៅខាងក្រោយផ្ទះរបស់ជនសង្ស័យ រួចធ្វើការត្រួតពិនិត្យ បានរកឃើញ ឧបករណ៍សម្រាប់វិចខ្ចប់ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួននៅក្រោយផ្ទះបាយ។

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់