ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមមបក្សពួក២នាក់បានធ្វើសកម្មភាពជួញដូរនូវសាធាតុញៀនខុសច្បាប់ ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌដង្កោចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៩និង១៥នាទីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចដីឡូតិ៍ម៉ៅសុផល ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

មន្ត្រីនគរបានព្រហ្មខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យខាងលើដែលឃាត់ខ្លួនបាននោះ មានឈ្មោះ សេត សំអាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអូសរឺម៉កបន្លែក្នុងផ្សារតាខ្មៅថ្មី ស្នាក់នៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកឯម្នាក់ឈ្មោះខ្លឹម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។

ប្រភពដែលបានបន្តថា នៅមុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើនេះដំបូងឡើយ កម្លាំងនគរបាលខណ្ឌដង្កោ បានចុះ ល្បាតក្នុង មូលដ្ឋានលុះដល់ចំណុចដីឡូតិ៍ ម៉ៅ សុជល ក្នុងភូមិខ្វា សង្កាត់ដង្កោ ក៏បានឃើញជនសង្ស័យ២នាក់កំពុង ជិះម៉ូតូម៉ាកស៊ុយស៊ុគីនិច ពណ៌ស គ្មានស្លាកលេខ ដោយមានការសង្ស័យ ក៏បានហៅឲ្យឈប់ ដើម្បីធ្វើការឆែកឆេរ ក៏រកឃើញថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន ១១កញ្ចប់តូច ស្រាប់តែ ជនសង្ស័យម្នាក់ ដែលអង្គុយខាងក្រោយឈ្មោះ ខ្លឹម ស្ទុះចុះពីលើម៉ូតូរត់គេចខ្លួនបាត់តែម្តង នៅសល់តែជនសង្ស័យម្នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន និងដកហូតវត្ថុតាងរួមមាន ក្រាមពណ៌សថ្លាចំនួន១១កញ្ចប់ ទូរស័ព្ទដៃម៉ាកLG០១គ្រឿង និងម៉ូតូ០១គ្រឿង យកមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសាណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-05-11_16-16-21

photo_2016-05-11_16-16-23

មតិយោបល់