ព័ត៌មានជាតិ

មិនគួរនឹងកើត! ជិះម៉ូតូបុកគោស្លាប់ភ្លាមៗនៅស្រុកស្អាង

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោង៤និង១០នាទី នៅចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
ហេតុការខាងលើបណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូ០១នាក់ ប្រុស និងខូចខាតម៉ូតូ០១គ្រឿងធ្ងន់ ចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
តាមប្រភពព័ត៌មាននៅថ្ងៃកើតហេតុខាងលើ មានឈ្មោះ ញិល ខុំ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បានបើកម៉ូតូម៉ាកហុងដា វ៉េវ ពណ៍ក្រហម គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង(ព្រែកអំបិល-មកផ្សារស្អាងខាងជើង) ក្នុងល្បឿនលឿន ។លុះពេលមកដល់ចំណុចកើតហេតុក៏មានឈ្មោះ ប៉ឹង ហាំ ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បានដឹកគោចំនួន០៤ក្បាល មានមេនិងមានកូន ឆ្លងថ្នល់ពីលិចមកកើត ធ្វើឲ្យអ្នកបើកម៉ូតូគេចមិនផុតក៏បុកចំ កូនគោជំទង់ ពណ៍ ស (កូនគោនេះម្ចាស់យកខ្សែចងកដឹក) បណ្ដាលឲ្យដួលម៉ូតូបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ក្រោយពេលកើតហេតុអ្នកដឹកគោបានគេចខ្លួនបាត់ ។
ចំណែកវត្ថុតាងម៉ូតូបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាន រីឯគោសមត្ថកិច្ចបានធ្វើកិច្ចសន្យាជាមួយម្ចាស់ឲ្យមើលថែរជាបណ្ដោះអាសន្នសិន ៕

 

មតិយោបល់