ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញស្ថានីយ​និងដេប៉ូប្រេងឥន្ធនៈ៨ទីតាំង ដាក់លក់មិនអនុលោមជាលើកទី​២

តាកែវ: យោងតាមផេកអគ្គនាយកដ្នានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ-ពុធ ៦-៧កើត ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធន: ចុះត្រួតពិនិត្យបណ្ដាស្ថានីយ និងដេប៉ូចែកចាយចំនួន ១៩ នៅខេត្តតាកែវ។ ក្នុងការត្រួតពិនិត្យនេះ មន្រ្តីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្ដាស្ថានីយ/ដេប៉ូទាំង ១៩ ផងដែរ។

​លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ ៖
​ស្ថានីយ/ដេប៉ូចំនួន ១១ មិនមានអនុលោមភាពផ្នែកបរិមាណ។
​ស្ថានីយ/ដេប៉ូចំនួន ០៣ មិនមានអនុលោមភាពទាំងផ្នែកគុណភាពនិងបរិមាណ
​ស្ថានីយ/ដេប៉ូចំនួន ០១ មិនសហការ។
ក្នុងចំណោមស្ថានីយ/ដេប៉ូទាំង ១៤ ដែលត្រូវបានមន្រ្តីកាំកុងត្រូល រកឃើញមានភាពមិនអនុលោម មានស្ថានីយ/ដេប៉ូចំនួន ០៨ គឺ៖ ១. ដេប៉ូ Tela ឈាវ លាំង ភូមិ ស្រង៉ែ ផ្លូវជាតិលេខ៣ ឃុំឧត្តមសូរីយា ស្រុកត្រាំកក់ ២. ដេប៉ូ Tela ជៀក ច្រូវ តាកែវ ភូមិថ្នល់បែក ផ្លូវជាតិលេខ២ ឃុំរកាក្រៅ ក្រុងដូនកែវ
៣. ដេប៉ូ Savimex ណុប ម៉ារីយ៉ាន ភូមិថ្នល់បែក ផ្លូវជាតិលេខ២ ឃុំរកាក្រៅ ក្រុងដូនកែវ
៤. ស្ថានីយ Sokimex ១ មករា ភូមិថ្នល់បែក ផ្លូវជាតិលេខ២ សង្តាត់រកាក្រៅ ក្រុងដូនកែវ
៥. ស្ថានីយ L.H.R ក្រុងដូនកែវ សង្តាត់រកាក្រៅ ក្រុងដូនកែវ ៦. ដេប៉ូ Tela សុខ ឫទ្ធី ភូមិព្រៃហ្ម ផ្លូវជាតិ២ សង្តាត់រកាក្នុង ក្រុងដូនកែវ ៧. ដេប៉ូ Total សែ សុខម៉េង សំរោងយ៉ោង ភូមិស្មៅខ្ចី ផ្លូវជាតិលេខ២ ឃុំត្រពាំងសាប ស្រុកបាទី និង៨. ដេប៉ូ Tela ភាព សំណាង ពូនភ្នំ ផ្លូវជាតិលេខ២ ភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ដែលត្រូវបានរកឃើញភាពមិនអនុលោមជាលើកទី០២ ។

មន្រ្តីជំនាញបានតម្រូវឱ្យម្ចាស់ស្ថានីយ/ដេប៉ូ ចំនួន ០៦ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមជាលើកទី ០១ និងម្ចាស់ស្ថានីយ/ដេប៉ូ ចំនួន ០៨ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមជាលើកទី ០២ ។

ចំពោះតម្លៃលក់រាយ ស្ថានីយ/ដេប៉ូ ទាំង១៩ បានអនុវត្តត្រឹមត្រូវតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម។

(រកឃើញកំហុសលើកទី១ តម្រូវឱ្យធ្វើកិច្ចសន្យាកែតម្រូវ លើកទី២ ផ្សព្វផ្សាយឈ្មោះស្ថានីយ/ដេប៉ូ ជាសាធារណ:តាមប្រព័ន្ធសារព័ត៌មាននានា ហើយបើរកឃើញកំហុសលើកទី ៣ នឹងរងនូវការបិទអាជីវកម្មជាបណ្តោះអាសន្ន ឬកសាងសំណុំរឿងបញ្ជនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់