ព័ត៌មានជាតិ

ឡិចស៊ីស៤៧០ បុកក្បាលព្រួញចែកទ្រូងផ្លូវ ស្ពានអាកាសស្ទឹងមានជ័យ ខ្ទេចតែម្តង

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ បុរសម្នាក់បើករថយន្តម៉ាក ឡិចស៊ីសLX៤៧០ មួយគ្រឿងក្នុងល្បឿនលឿន ងោកមួយភាំង រេចង្កូតរថយន្តទៅបុកនឹងក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវស្ពានអាកាសស្ទឹងមានជ័យ យ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តទំជាប់នៅលើរបាំងថ្មតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២អាធ្រាត្រឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក ឡិចស៊ីស LX៤៧០ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2A-4788 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូត បុកនឹងក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវស្ពានអាកាសស្ទឹងមានជ័យ យ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តឡើងលើរបាំងថ្ម រងការខូចខាតផ្នែកខាងមុខទាំងស្រុង តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់ម្ចាស់រថយន្តនិងអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវនោះឡើយ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក បានចុះមកធ្វើការវាស់វែង នាំយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់