ព័ត៌មានជាតិ

រថយន្ដមួយគ្រឿង បុករបងផ្ទះប្រជាពលរដ្ឋ ស្លាប់ និងរបួស ៣ នាក់

ព្រៃវែងៈ ករណីបង្កការភ្ញាក់ផ្អើលមួយ ដោយរថយន្ដមួយគ្រឿង បានបុករបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ ២នាក់ ដែលកើតហេតុនៅវេលាម៉ោង ៤ និង ៥នាទីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវកៅស៊ូលេខ៣១៣ ស្ថិតក្នុងភូមិសៀម ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។

រថយន្តបង្កម៉ាក 4RUNNER (ហ្វរេននឺ) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2C-9772 មានអ្នករួមដំណើរ ៣នាក់ បើកបរដោយឈ្មោះ ស៊ឹង ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិវៀតណាម រស់នៅស្រុកបាឡាត់ ប្រទេសវៀតណាម បានស្លាប់ក្រោយពេល បញ្ជូនដល់មន្ទីពេទ្យបង្អែកស្រុកបាភ្នំ។

ចំណែករួមដំណើរឈ្មោះ យ៉ាវ ស៊ីនួន ភេទប្រុស អាយុ ៤៨ឆ្នាំ កាន់អត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ រស់នៅភូមិលេខ២ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ (របួសធ្ងន់) និងបុរសម្នាក់ទៀត អត់ស្គាល់ឈ្មោះ របួសធ្ងន់ (ជាជនជាតិវៀតណាម) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ម្ចាស់ផ្ទះទីតាំងកើតហេតុ ឈ្មោះ យ៉ាន់ ដូមីនីកា ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិសៀម ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង បានបាក់របងថ្ម ចំណែករថយន្ដខូចខាតទាំងស្រុង។

បច្ចុប្បន្នវត្ថុតាងរថយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍ ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ រីឯសព បានប្រគល់ជូនទៅសាច់ញាតិយកទៅប្រទេសវៀតណាមវិញ៕

មតិយោបល់