ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីរថយន្តម៉ាក ឡិចស៊ីសRX400 មួយគ្រឿង គ្រាន់តែស៊ីផ្លេរថយន្តដើម្បីប្រាប់ជាសញ្ញាថា ខ្លាចប៉ះពៀរគ្នា បែរជាត្រូវម្ចាស់រថយន្ត ហ្វត មួយគ្រឿងជិះដេញកៀរ រួចចុះវាយកញ្ចក់រថយន្ត របស់រថយន្តឡិចស៊ីស ខ្ទេចទាំងមុខទាំងក្រោយ ផ្អើលដល់សមត្ថកិច្ចទាំងយប់ ចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១០ និង១០នាទី យប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧។
យោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្តរងគ្រោះ ម៉ាក ឡិចស៊ីសRX400 បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តម៉ាកឡិចស៊ីស RX400 លុះបានមកដល់ចំណុចកើតហេតុ ដោយខ្លាចមានការប៉ះពៀរគ្នា គាត់ក៏បានស៊ីផ្លេរថយន្ត ដាក់រថយន្តម៉ាក ហ្វត រ៉េងជឺ មួយគ្រឿង ដែលបើកបញ្រ្ចាសផ្លូវនៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី មុខមន្ទីរពេទ្យកុមាជាតិ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ខណៈនោះបែរជាធ្វើឲ្យម្ចាស់រថយន្តហ្វត រ៉េងជឺ នោះខឹងក៏បើករថយន្តដេញតាមរថយន្តឡិចស៊ីស RX400 របស់គាត់ មកដល់លើស្ពានអាកាស៥មករា រួចព្យាយាមបើកកៀររថយន្តរបស់គាត់ ត្រូវបានម្ចាស់រថយន្តឡិចស៊ីសRX400 មិនចង់មានរឿង ក៏បានសុំទោសទៅម្ចាស់រថយន្តហ្វតរ៉េងជឺ ទាំងប្តីនិងប្រពន្ធ ប៉ុន្តែម្ចាស់រថយន្តម៉ាកហ្វត ជើងខ្លាំងរូបនោះ នៅបានយកវត្ថុម្យ៉ាងមកវាយទៅលើកញ្ចក់រថយន្តឡិចស៊ីសរបស់គាត់បណ្តាលឲ្យបែកកញ្ចក់ទាំងមុខទាំងក្រោយ និងចំហៀង ក្រោយមករថយន្តហ្វតនោះ ក៏បើកហួសទៅមុខ ដោយរថយន្តជនរងគ្រោះ ព្យាយាមបើកតាមពីក្រោយ រថយន្ត ហ្វត ដើម្បីថតឲ្យជាប់ស្លាកលេខរថយន្តរបស់ជនបង្កនោះដែរតែប្រពន្ធគាត់ឃាត់ ព្រោះមិនចង់មានរឿង ខ្លាចម្ចាស់រថយន្តហ្វតនោះមានអាវុធ ដោយស្ថានភាពមិនស្រួល គាត់ក៏បើក វ៉ាឲ្យផុត រថយន្តហ្វត ហើយគាត់ក៏ព្យាយាមបើករថយន្តរបស់ខ្លួនគេចរហូត ដោយមិនដឹងថារថយន្តហ្វតនោះនៅតែបើកដេញតាមរថយន្តរបស់គាត់ពីក្រោយនោះទេ ។
ម្ចាស់រថយន្តរងគ្រោះបានបន្តទៀតថា ក្រោយភ័យខ្លាចពេក ជនរងគ្រោះបានបើករថយន្តមកឈប់ នៅចំណុចច្រកចូលខាងលិច ក្រសួងការពារជាតិ ផ្លូវលេខ ២១៥ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ដើម្បីឲ្យសមត្ថកិច្ចជួយ តែពេលនោះរថយន្ត ហ្វត ក៏បើកមកកាក់ពីក្រោយរថយន្តរបស់គាត់ ហើយម្ចាស់រថយន្តហ្វត នោះក៏ចុះពីលើរថយន្តរបស់គេមានគ្នា២នាក់ បានយកដែកមួយមកវាយកញ្ចក់រថយន្តរបស់គាត់ ពីក្រោយនឹងជំហៀង បណ្តាលឲ្យបែកខ្ទេចតែម្តង ហើយភ្លាមៗនោះម្ចាស់រថយន្ត ហ្វត ក៏ឡើងលើរថយន្តរបស់គេបើកគេចចេញទៅបាត់ស្រមោលតែម្តង។
ជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចទៀតថា គាត់មិនដែលមានបញ្ហា រឺក៏ស្គាល់ម្ចាស់រថយន្តហ្វត ដែលមកវាយរថយន្តរបស់គាត់នោះទេ ព្រោះមុនពេលកើតហេតុ គាត់បានចេញមកពីកម្មវិធីបងប្អូននៅឯខេត្តកំពង់ស្ពឺ ហើយក៏ត្រឡប់មកផ្ទះនៅភ្នំពេញវិញ ខណៈ មកដល់នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីនោះ ស្រាប់តែឃើញរថយន្តហ្វត បើកបញ្ច្រាសផ្លូវ គាត់ក៏ស៊ីផ្លេប្រាប់ ខ្លាចប៉ះគ្នាដោយមិនមានបំណងអ្វីផ្សេងឡើយ តែមិនដឹងយ៉ាងម៉េច ទើបរថយន្តហ្វតនោះ ខឹងបែរជាដេញវាយរថយន្តគាត់ ថែមទាំងប្រពន្ធកូនគាត់នៅក្នុងរថយន្ត បានសុំទោសយ៉ាងណាក៏ដោយ។
ទោះជាយ៉ាងណា សមត្ថកិច្ចបានសួរនាំជនរងគ្រោះ ដែលជាម្ចាស់រថយន្ត ឡិចស៊ីស RX400 ពណ៌ស្ករ ដែលពាក់ស្លាកលេខ ភ្នំពេញ 2AP-7576 ហើយជនរងគ្រោះក៏បានបញ្ជាក់ពីដំណើររឿងជូនសមត្ថកិច្ច ហើយគាត់ថែមទាំងមានវីដេអូ កាមេរ៉ាសុវត្ថិភាព នៅក្នុងរថយន្តរបស់គាត់ដែលថតបានទាំងស្លាកលេខរថយន្តហ្វត រួមទាំងសកម្មភាពទាំងអស់ដើម្បីជាភស្តុតាងបញ្ជាក់ថា គាត់ជាជនរងគ្រោះ រឺក៏ជនបង្ក។ តែយ៉ាងណារឿងនេះសមត្ថកិច្ចនឹងរង់ចាំទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដើម្បីធ្វើការស្រាវជ្រាវ និងតាមរកភាគីម្ខាងទៀត ឲ្យចូលខ្លួនមកដោះស្រាយជាមួយនិងជនរងគ្រោះ តាមនីតិវិធីច្បាប់៕
មតិយោបល់