ព័ត៌មានជាតិ

ជូនប្តីឡើងយន្តហោះ ត្រូវចោរឆក់កាបូបអស់ជិត ១ពាន់ដុល្លារ

ភ្នំពេញ: ស្រ្តីម្នាក់ត្រូវបានចោរឆក់កាបូបស្ពាយ ខណ:ពេលដែលធ្វើដំណើរជូនប្តីឡើងយន្តហោះ គ្រាន់តែបានទៅដល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបស្ពាយទៅបាត់ដោយសុវត្ថិភាព រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះមានឈ្មោះ ប្រាក់ និមល អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបច្ចុប្បន្ននៅនៅភូមិព្រៃចំបក់ ឃុំតាំងយ៉ាប ស្រុកព្រៃកាបាស ខេត្តតាកែវ។

ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួននិងប្តីរួមជាមួយប្អូន៣នាក់ទៀតបានធ្វើដំណើរដោយរម៉ក់កង់បី ចាកចេញពីសណ្ឋាគារមួយកន្លែងនៅម្តុំគីឡូលេខ៤ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីជើងទៅត្បូង គ្រាន់តែបានទៅដល់មុខព្រលានយន្តហោះ មិនបានចូលផងក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូឌ្រីមសង់មិនចាំស្លាកលេខ បានជិះមកអែបរម៉ក់កង់បីរបស់គាត់ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់គាត់ ដែលកំពុងតែស្ពាយជាប់ខ្លួនតែម្តង ដោយពេលនោះគាត់បានដាក់កូនតូចរបស់គាត់ហ្នឹងលើកាបូបនោះទៀត ធ្វើឲ្យកូនតូចទើបតែអាយុ១ឆ្នាំរបស់គាត់ប៊ិះនឹងជួបគ្រោះថ្នាក់ទៀតផង។

ភ្លាមៗនោះដែរ ប្តីរួមនឹងអ្នកធ្វើដំណើរជាមួយគ្នាបានស្រែកថា ចោរៗឆក់កាបូបហើយ! ដើម្បីឲ្យគេជួយ តែពេលនោះមិនសូវមានមនុស្សម្នាច្រើន ទើបធ្វើឲ្យជនសង្ស័យមានឱកាសគេចខ្លួនបានដោយសុវត្ថិភាព។ ហើយស្រ្តីរងគ្រោះបានជូនប្តីឡើងយន្តហោះហើយទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាប។

សមត្ថកិច្ចបានឲ្យដឹងថា សម្ភារ:របស់ជនរងគ្រោះដែលបានបាត់បង់នោះមាន ទូរសព្ទស៊េរីទំនើបចំនួន២គ្រឿង លុយចំនួន៥០០ដុល្លារ និងសម្ភារ:មួយចំនួនទៀតសរុបជាទឹកប្រាក់អស់ជិត១ ពាន់ដុល្លារ៕

មតិយោបល់