កណ្តាលៈ ក្មេងស្រីម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈដែលកំពុងដើរឆ្លងផ្លូវ ត្រូវម៉ូតូសណ្តោងរម៉កកង់បីបើកបុកចំយ៉ាងពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវក្រាសកៅស៊ូ ស្ថិតនៅភូមិបាក់ដាវ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨។
ប្រភពបានឲ្យដឹងថានៅមុនពេលកើតហេតុមានម៉ូតូសណ្ដោងរម៉កកង់បីមួយគ្រឿងម៉ាកViVA ធុនសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1A0297បើកបរដោយឈ្មោះ ជៀម ឌី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិស៊ីធរលិចឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្នុងនោះមានអ្នករួមដំណើរចំនួន៣នាក់ ទី១ឈ្មោះ លូ សឿង ភេទប្រុស អាយុ៣២ឆ្នាំ។ ទី២ឈ្មោះសឿង ហាន ភេទប្រុស អាយុ១៩ឆ្នាំ។ និងទី៣ ឈ្មោះ ឃាង អ៊ាង ភេទប្រុស អាយុ២៤ឆ្នាំ អ្នកទាំង៣នាក់ មានទីលំនៅភូមិស៊ីធលិច ឃុំស៊ីធ ស្រុកខ្សាច់កណ្តាល។
ដោយបើកបរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុជ្រុលមកបុក កុមារីឈ្មោះធឿន គន្ធា អាយុ២ឆ្នាំ នៅភូមិកើតហេតុ ខាងលើដែលកំពុងរត់ឆ្លងកាត់ផ្លូវក្នុងទិសដៅពីកើតទៅលិចបណ្ដាលឲ្យកុមារីរងគ្រោះស្លាប់នៅកន្លែងកើតហេតុតែម្ដង ។ភ្លាមៗនោះក្រុមគ្រួសារកុមារីរងគ្រោះបានចាប់ឃាត់ខ្លួនឈ្មោះជៀម ឌី ដែលជាតៃកុងរម៉កកង់បីដើម្បីប្រគល់ឲ្យសមត្ថកិច្ច។
សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង នាំខ្លួនតៃកុងរម៉កកង់បីរួមនិងវត្ថុតាងយកមករក្សាទុកនៅអធិការស្រុកខ្សាច់កណ្ដាលដើម្បីបំពេញនីតិវិធី។ រីឯសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់