កណ្តាលៈ បុរសម្នាក់ជាគ្រូបង្រៀន បានសម្រេចចិត្តចងកសម្លាប់ខ្លួនឯងដោយមិនដឹងពីមូលហេតុអ្វីនោះទេ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៥០នាទី យប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រែកកាត់ សង្កាត់តក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនរងគ្រោះមានឈ្មោះ ហេង យ៉ារុន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគ្រូបង្រៀនបច្ចុប្បន្នរស់នៅភូមិព្រែកកាត់ សង្កាត់តក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា តាមការសាកសួបំភ្លឺពីម្តាយជនរងគ្រោះ បានឲ្យដឹងថា អស់រយៈពេល២ខែមកហើយ ជនរងគ្រោះតែងតែមានអារម្មណ៍មិនប្រក្រតី ហើយបានដើរចោលផ្ទះធើ្វដំណើរទៅតាមខេត្តផ្សេង មិនប្រាប់បងប្អូនជាញឹកញាប់។ ក្រោយមកទៀតជនរងគ្រោះសុំច្បាប់ឈប់សម្រាកពីការងារ ក្នុងរយៈពេលបីខែម្តង រហូតដល់ថ្ងៃកើតហេតុជនរងគ្រោះបានទៅផ្ទះម្តាយមីង ដែលនៅភូមិជាមួយគ្នា ដើម្បីសុំលាប៉ុន្តែមិនជួប ក៏បានដើរត្រឡប់មកផ្ទះរបស់ខ្លួនវិញ លុះដល់វេលាកើតហេតុខាងលើ ម្តាយជនរងគ្រោះបានដើរទៅផ្ទះបាយ ស្រាប់តែឃើញជនរងគ្រោះបានចងកនឹងក្រណាត់ពណ៌ស ជាប់ទៅនឹងផ្លានដំបូលផ្ទះបាយ ដោយស្មានតែកូនមិនទាន់ស្លាប់ ក៏ហៅអ្នកជិតខាងមកជួយកាត់ខ្សែចំណងជនរងគ្រោះចុះមកក្រោយ ទើបដឹងថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។
តាមការពិនិត្យរបស់ផ្នែកជំនាញបចេ្ចកទេសក្រុងតាខ្មៅ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារការធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន ដោយមិនបានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌអ្វីនោះឡើយ ហើយបច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យម្តាយជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់