Post News Media ព័ត៌មានជាតិ បើករថយន្តបញ្រ...

បើករថយន្តបញ្រ្ចាស់ផ្លូវ បុកម៉ូតូពេញទំហឹង បុរសម្នាក់ស្លាប់ភ្លាមៗ

កណ្តាល: ភ្នាក់ងារPost News ប្រចាំខេត្តកណ្តាលបានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត បុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់។

ហេតយការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងកើតប៉ុស្តិ៍កំពង់សំណាញ់ ប្រហែល២០០ម៉ែត្រលើផ្លូវលេខ១១៥ ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ិន រដ្ឋា ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅក្នុងភូមិស្វាយរលំ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញ រថយន្តម៉ាកToyota Takoma ពណ៌ប៉ៃតងចាស់ ពាក់ស្លាកលេខ កណ្តាល 2A-7262 អ្នកបើកបរ
ឈ្មោះ ទី ម៉េង ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បើកបរក្នុងទិសដៅពីលិចមកកើត អ្នកបើកបររថយន្តបើកបរមិនប្រកាន់ស្តាំ។ លុះមកដល់ចំណុចខាងលើក៏បានបុកជាមួយម៉ូតូម៉ាកសេដេ ពណ៌ព្រីងទុំ ពាក់ស្លាកលេខ កណ្តល1M-3418 មានកញ្ចក់មើលក្រោយនឹងពាក់មួកសុវត្ថិភាព ទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យស្លាប់ពេលដឹកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើត ធ្វើការវាស់វែង និងនាំយកមធ្យោបាយទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅបណ្តោះអាសន្នដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕