អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មី ជុំវិញការដាក់បម្រាមហាមឃាត់ជនអន្តោប្រវេសន៍ និងការធ្វើដំណើររបស់ប្រជាជន នៅក្នុងប្រទេសមូស្លីមចំនួន ០៦ ចូលមកកាន់សហរដ្ឋអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។
បទបញ្ជារារាំងការធ្វើដំណើរថ្មីនេះ បានដកអ៊ីរ៉ាក់ចេញពីបញ្ជីប្រទេស ដែលមានប្រជាជនកាន់សាសនាឥស្លាមច្រើនបំផុតទាំង ៧ បន្ទាប់ពីប្រទេសនេះ យល់ព្រមចាត់វិធានការ ដើម្បីវាយតម្លៃសមត្ថភាពទិដ្ឋាការការងារបន្ថែមទៀត។
សារាចរនេះ រួមបញ្ចូលទាំងការហាមឃាត់ ចំពោះជនភៀសខ្លួនទាំងអស់មកកាន់អាមេរិករយៈពេល ១២០ ថ្ងៃ ដែលនឹងចេញជាធរមាននៅថ្ងៃទី ១៦ ខែមីនាខាងមុខ។
លោក ត្រាំ បានលើកយកបញ្ហាព្រួយបារម្ភផ្នែកភេរវកម្មមកធ្វើជាមូលហេតុចម្បង សម្រាប់ការចុះហត្ថលេខាលើការហាមឃាត់ការធ្វើដំណើរបណ្ដោះអាសន្នថ្មីនេះ។
ទោះបីជាបទបញ្ជានេះ មិនទទួលបានការគាំទ្រខ្លាំងក្លានៅឯបរទេសក៏ពិតមែន ប៉ុន្តែទទួលបានការគាំទ្រពីប្រជាពលរដ្ឋអាមេរិកប្រហែលពាក់កណ្ដាលផងដែរ នេះបើតាមការស្ទង់មតិនានា ដែលបានចេញផ្សាយភ្លាមៗ បន្ទាប់ពីបទបញ្ជានេះ ត្រូវបានណែនាំមក។
សូមជំរាបថា បទបញ្ជាហាមឃាត់ការធ្វើដំណើរ ចំពោះជនជាតិមកពីប្រទេសម៉ូស្លីមចំនួន ៧ ដូចជាប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និងយេម៉ែន មិនឲ្យចូលមកក្នុងទឹកដីសហរដ្ឋអាមេរិកជាបណ្ដោះអាសន្ន របស់រដ្ឋបាលលោកប្រធានាធិបតី ត្រាំ កាលពីលើកមុន ត្រូវបានរារាំង ដោយតុលាការសហព័ន្ធ៕

មតិយោបល់