ព័ត៌មានជាតិ

Update៖ នឹងហើយបុករត់! ត្រូវពលរដ្ឋដេញតាមពទ្ធ័បញ្ចេញកំហឹង ខ្ទេចទាំងស្រុង

ភ្នំពេញៈ បុរសម្នាក់បើករថយន្ដម៉ាក តូយ៉ូតាព្រុស មួយគ្រឿង ជ្រុលទៅបុកឃឿនសួនច្បារទ្រូងផ្លូវបណ្ដាលឲ្យខូចខាតបន្តិចបន្តួច ចំណែករថយន្ដធ្លាក់កាងខាងមុខហើយព្យាយាមបើកគេចទាំងកាងរថយន្ដអូសជាមួយផ្លូវថ្នល់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាជិះម៉ូតូដេញតាមពីក្រោយ រហូតមកដល់ចំណុចផ្សាដើមគរ ដោយសភាពផ្លូវមានភាពចង្អៀតក៏ទៅមុខលែងរួច ទើបប្រជាពលរដ្ឋឃាត់បាន និងនាំគ្នាព្រួតវាយរថយន្ដខ្ទេចស្ទើរទាំងស្រុង។ ចំណែកម្ចាស់រថយន្ដត្រូវបានកម្លាំងសមត្ថកិច្ចរំដោះចេញទាន់ពេល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចខាងមុខភោជនីដ្ឋានកាដូរ តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយរថយន្ដបង្កនេះ បានព្យាយាមបើកគេចរហូតដល់ផ្លូវព្រះមុន្នីរ៉េត ចំណុចផ្សារដើមគរ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ទើបឃាត់បានទាំងរថយន្ដនិងម្ចាស់។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា មានរថយន្ដមួយគ្រឿងម៉ាកតូយ៉ូតា ព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-2660 បុកឃឿនសួនច្បារទ្រូងផ្លូវ។ ពេលនោះកម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ កំពុងតែល្បាតក្នុងមូលដ្ឋាន ក៏បានឃើញរថយន្ដបង្កហេតុ និងមានប្រជាពលរដ្ឋជិះម៉ូតូដេញតាមពីក្រោយ តាំងពីទឹកដីខណ្ឌជ្រោយចង្វារ រហូតមកដល់ផ្លូវព្រះមុន្នីរ៉េត ចំណុចផ្សារដើមគរ។ ដោយសភាពផ្លូវមានភាពចង្អៀតទើបរថយន្ដបង្កទៅមុខលែងរួច ក៏ត្រូវប្រជាពលរដ្ឋឃាត់បាន នាំគ្នាព្រួតវាយរថយន្ដខ្ទេចស្ទើរទាំងស្រុង។ ចំណែកម្ចាស់រថយន្ដបានរងរបួសបែកក្បាល ដោយតែប្រជាពលរដ្ឋវាយ ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចរំដោះចេញ ព្រោះខ្លាចប្រជាពលរដ្ឋវាយបន្ថែមទៀត។

ក្រោយមកទើបកម្លាំងសមត្ថកិច្ចយកម្ចាស់រថយន្ដបង្កទៅកាន់ប៉ុស្ដិ៍រដ្ឋបាលនគរបាលទួលស្វាយព្រៃ២ ខណ្ឌចំកាមន រួចទើបបញ្ជូនបន្តទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់