ព័ត៌មានជាតិ

ស៊ាំយ៉ុង វ៉ាជែងទៅបុកម៉ូតូសេ១២៥ បុរសម្នាក់ស្លាប់ និង២នាក់របួសធ្ងន់!

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីរថយន្តម៉ាក ស៊ាំយ៉ុង មួយគ្រឿង បើកលឿនវ៉ាជែង ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមសេ១២៥ មួយគ្រឿងជិះឌុបគ្នា៣នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង ចំណែកបុរស២នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២០ និង៤០នាទីយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខបុរីញ៉ូថោន ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើមានឈ្មោះ រឿន ផានិត អាយុ២៣ឆ្នាំ ស្នាក់នៅភូមិព្រៃពពែល ឃុំក្រាំម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

រថយន្តបង្កម៉ាកស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-2720 បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន។ ចំណែកម៉ូតូរងគ្រោះ ម៉ាកហុងដាឌ្រីមសង់ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BZ-2342 ជិះឌុបគ្នា៣នាក់ ធ្វើដំណើរពីលិចទៅកើតបញ្ច្រាសគ្នា។

តាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូរងគ្រោះជិះឌុបគ្នា៣នាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត។ ចំណែករថយន្តបង្ក បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ រថយន្តបង្កបាន បន្ថែមល្បឿនដើម្បីវ៉ា រថយន្តមួយគ្រឿងទៀតខាងមុខ លុះវ៉ាបានបន្តិចក៏ជ្រុលទៅបុកម៉ូតូដែលជិះមកចំពីមុខបុកពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកឌុបស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកអ្នករួមដំណើរ២នាក់ទៀតរងបួសធ្ងន់។ រីឯរថយន្តនិងម៉ូតូខូតខាតយ៉ាងដំណំ។

ក្រោយកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវរថយន្តគ្លីនិកឯកជន ដឹកយកទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ ។ ចំណែកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តបង្ក និងម៉ូតូ ត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ៕

https://youtu.be/74rwT6Gn4Hw

មតិយោបល់