ព័ត៌មានជាតិ

កំពង់សាឡាងចាស់នៅឃុំទន្លេបិទ ក្លាយជាកន្លែងចាក់សំរាម ហូរហៀរចូលក្នុងទន្លេមេគង្គ

ត្បូងឃ្មុំៈ តំបន់​មាត់​ទន្លេ​មេគង្គ​ អតីត​ជា​កំពង់​សាឡាង​ចាស់​ នៅ​ក្បែរ​ផ្សារ​ទន្លេ​បិទ​ ស្ថិត​ក្នុង​ឃុំ​ទន្លេ​បិទ​ ស្រុក​-ខេត្ត​ត្បូងឃ្មុំ​ ត្រូវ​ប្រែក្លាយ​ទៅ​ជា​ទីតាំង​ចាក់សំរាម​ រហូត​ហូរហៀរ​ចូល​ទៅក្នុង​ទន្លេ​មេគង្គ​ តែ​អាជ្ញាធរ​មូលដ្ឋាន​មើល​រំលង​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​នោះ​ មាន​ការ​ព្រួយបារម្ភ​ចំពោះ​សុខភាព​ និង​អនាម័យ​ ផ្ទុយពី​ការ​រស់នៅ​ស្អាត​ផឹក​ស្អាត​។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ​បាន​ឲ្យដឹងថា​ អ្នក​ម៉ៅការ​ទារ​ភាស៊ី​ផ្សារ​ទន្លេ​បិទ​ បាន​ឲ្យ​កម្មករ​អូស​សំរាម​យក​ទៅ​ចាក់​ចោល​ នៅ​មាត់​ទន្លេ​នេះ​ជា​យូរ​ខែ​មក​ហើយ​ ក្នុង​នោះ​គេ​តែង​តែ​សង្កេត​ឃើញ​ក្រុម​ហ៊ុន​ថារី​ បាន​ដឹក​សំរាម​និង​កាកសំណល់​ផ្សេងៗ​ យកមក​ចាក់​ចោល​នៅ​ទី​នោះ​ជា​រើយៗ​ផងដែរ​។

ជាក់ស្ដែង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ​កក្កដានេះ​ មាន​បុគ្គលិក​របស់​ក្រុមហ៊ុន​ថារី​ ដែល​ពាក់​ឯកសណ្ឋាន​ពណ៌ក្រហម​ បាន​ប្រើប្រាស់​រថយន្ត​មួយ​បាំង​កន្លះ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2A-2821​ ដឹក​សំរាម​ពេញ​យក​មក​ចាក់​ចោល​នៅ​មាត់​ច្រាំង​ទន្លេ​ខាង​លើ​នេះ​ដែរ​ ក៏​ត្រូវ​អ្នក​សារព័ត៌មាន​ជា​ច្រើន​មើល​ឃើញ​ ហើយ​ថត​យក​រូប​ភាព​ទៅ​ចុះផ្សាយ​តាម​អង្គភាព​រៀងៗ​ខ្លួន​ផងដែរ​។

តាមរយៈ​ការ​ចុះផ្សាយ​ព័ត៌មាន​នេះ​ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ក៏​ដូច​ជា​អាជ្ញាធរ​ឃុំ​ស្រុក​ខេត្ត​ មេត្តា​រក​ទីតាំង​ណា​មួយ​សម្រាប់​ចាក់​សំរាម​ផង​៕

មតិយោបល់