ព័ត៌មានជាតិ

ទិញទឹកហ្សែនយ៉ា អស់ជាង២ពាន់ដុល្លារ មិនឲ្យលុយគេគេចខ្លួន ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ជាជនរងគ្រោះ សហការជាមួយនគរបាលប៉ុស្តិ៍ទឹកល្អក់៣ ធ្វើការឃាត់ខ្លួនហើយប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ពីជនសង្ស័យរូបនេះ បានរំលោភលើសេចក្តីទុកចិត្ត ដោយបានយកទំនិញទឹកហ្សែនយ៉ា ពីដេបូជនរងគ្រោះចំនួន២៤៤កេស ស្មើរនឹង ២,១០០ ដុល្លារ យកទៅលក់បន្តហើយបានសន្យាថា រយៈពេល១ម៉ោងក្រោយ និងយកលុយប្រគល់ឲ្យតែបែរជាសន្យាខ្យល់ គេចខ្លួនបាត់រហូត។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅម្តុំផ្សារដំបូលខៀវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រហូតមកដល់វេលាម៉ោង៩យប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ទើបជនរងគ្រោះឃាត់បាននៅផ្សារហេងលី។

ជនសង្ស័យមានឈ្មោះ ខា ដាវីត អាយុ៣០ឆ្នាំ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិជុំរុំសាយធូ សង្កាត់អំពិល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ចំណែកជនរងគ្រោះឈ្មោះ លី ស្រីពេជ្រ អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យ ជាម៉ូយបោះដុំ ទំនាក់ទំនងគ្នាជាយូមកហើយ លុះនៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅវេលាម៉ោងប្រហែល២ និង៣០នាទី ឈ្មោះ ខា ដាវីត បានមកជឿហ្សែនយ៉ា របស់គាត់ចំនួន២៤៤កេស គិតជាទឹកប្រាក់ស្មើរនឹង ២,១០០ ដុល្លារ ដោយប្រាប់ថារយៈពេល១ម៉ោងក្រោយ នឹងយកលុយមកឲ្យ ដោយសារជឿទុកចិត្ត និងជាម៉ូយផងនោះ រូបគាត់ក៏ព្រមឲ្យទៅ។ លុះដល់វេលាកំណត់បែជាមិនឃើញយកលុយមកឲ្យខលទៅក៏មិនចូល រហូតមកដល់ថ្ងៃទី៧ ខែដដែល ទើបប្រទះឃើញនៅម្តុំផ្សារហេងលី ទើបប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់៣ ឲ្យឃាត់ខ្លួន តែដោយសារតែរឿងហេតុកើតឡើងនៅមូលដ្ឋានប៉ុស្តិ៍ចោមចៅ ទើបសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់៣ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅដោះស្រាយបន្ត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា លុយដែលលក់អីវ៉ាន់បានចំនួនជាង១ពាន់ដុល្លារ ហើយបានយកទៅលេងល្បែងចាញ់អស់ ទើបគ្មានលុយសងទៅលើម្ចាស់បំណុល។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយបន្តតាមផ្លូវច្បាប់៕

https://youtu.be/YhAjTCSGOPk

មតិយោបល់