ព័ត៌មានជាតិ

កោះហៅម្ចាស់អាជីកម្មទូកដរ បន្ទាប់ពីឈ្លោះគ្នាបែកផ្សែងជាមួយអ្នកកាសែត និងម្ចាស់រថយន្ត

ភ្នំពេញៈ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅសាលាខណ្ឌជ្រោយចង្វារ លោកឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានបញ្ជាឲ្យលោក ឡេង រ៉ាវង្ស អភិបាលរងខណ្ឌ និងលោក កៅ សារ៉ាវុធ នាយករដ្ឋបាលខណ្ឌ កោះហៅ ម្ចាស់អាជីវកម្មទូកដរ ឆាយ ហុង មកព្រមានជាលើកចុងក្រោយ និងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យទារយកលុយពីអ្នកធ្វើដំណើរលើសពីសៀវភៅបន្ទុក ឬកាប់ឆៅតាមចិត្ត។

ការកោះហៅម្ចាស់ទូកដរ ឆាយ ហុង មកព្រមាន និងធ្វើកិច្ចសន្យានេះ ត្រូវគេដឹងថា ធ្វើឡើងបន្ទាប់ពីមានរឿងឈ្លោះប្រកែកគ្នា បែកផ្សែងរវាងអ្នកសារព័ត៌មាន ម្ចាស់រថយន្តដឹកដែក និងម្ចាស់ទូកដរ ដែលម្ចាស់ទូកដរមួយនេះ ល្បីល្បាញខាងកាប់ឆៅ ពោលគឺ កោរអត់ដាក់ទឹក ដោយទាមទារតម្លៃថ្លៃលើសសៀវភៅបន្ទុក ដែលរដ្ឋបានកំណត់ និងទារប្រាក់ពីរថយន្តដែលគ្មានចែងនៅក្នុងសៀវភៅបន្ទុកតាមអំពើចិត្ត។

តាមប្រភពព័ត៌មានឲ្យដឹងថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧មានរថយន្តស្ទូចទម្ងន់៥តោន ដឹកដែកឆ្លងទូកដរ ឆាយ ហុង ពីព្រែកលៀបទៅត្រើយម្ខាង កោះឧកញ៉ាតី ត្រូវបានម្ចាស់ទូកដរ ឆាយ ហុង ទារតម្លៃរហូតដល់១៥០ដុល្លារ ដែលតម្លៃនេះថ្លៃហួសហេតុ ដោយម្ចាស់ទូកដរសម្អាងហេតុផលថា រថយន្តនេះ មិនមានចែងនៅក្នុងសៀវភៅបន្ទុក ដូច្នេះស្រេចតែគេទារ បើទោះបីម្ចាស់ដែកទូរសព្ទសុំចរចាតម្លៃក៏គេមិននិយាយចូលដែរ ដោយគេឆ្លើយថាជាប់រវល់ក៏បិទទូរសព្ទតែម្តងដោយប្រើសម្តីមិនសមរម្យទៀតផង។

ប្រភពបន្តថា បន្ទាប់ពីមានហេតុការណ៍បែបនេះ ម្ចាស់ដែកក៏បានហៅអ្នកសារព័ត៌មាន៣នាក់ ក្នុងគោលបំណងសួរនាំសម្របសម្រួល និងចរចារតម្លៃដើម្បីកុំឲ្យយកតម្លៃហួសហេតុពេក រហូតដល់១៥០ដុល្លារ។ ខណៈម្ចាស់ដែក និងអ្នកយកព័ត៌មានទៅដល់សួរនាំ និងថតស្លាកតារាងតម្លៃ ដែលដាក់នៅក្បែរនោះ ស្រាប់តែម្ចាស់ទូកដរ ឆាយ ហុង ជាច្រើននាក់ មានស្រី មានប្រុស បានចេញមកជេប្រមាថ យ៉ាងចាស់ដៃប្រតាយប្រតប់ដណ្តើមកាមេរ៉ា របូតថ្មយកទៅបាត់ ហើយបានចោទអ្នកយកព័ត៌មានជាចោរប្លន់ទៀតផង ។

ប្រភពបន្ថែមថា ម្ចាស់អាជីវកម្មទូកដរមួយនេះ ល្បីល្បាញខាងកាប់ឆៅទារតម្លៃយកលើលសៀវភៅបន្ទុកតាមអំពើចិត្ត កន្លងមកក៏ធ្លាប់មានរឿងឈ្លោះប្រកែកគ្នាជាមួយតារាសម្តែង និងតារាចម្រៀង អ្នកនាង ខាត់ សុឃីម ដោយសារទារថ្លៃលើសហួសហេតុ ធ្លាប់មានរឿងឈ្លោះប្រកែកជាមួយម្ចាស់មាន់ ដែលគេផ្ញើរហើយយកមាន់រ បស់គេហូបអស់ ធ្លាប់មានរឿងជាមួយម្ចាស់ឡានដឹកគ្រឿងសំណង់ ដោយសារទារតម្លៃច្រើនហួសហេតុ ធ្លាប់មានរឿងជាមួយអ្នកដឹកសពឆ្លងដែលមិនព្រមដឹកឆ្លង និងល្បីមានរឿងឈ្លោះប្រកែកជាមួយអ្នកធ្វើដំណើរឆ្លងកាត់ជាច្រើនទៀត។ចំណែកនៅលើទូកដរមិនមានការ ការពារសុវត្ថិភាព ជូនអ្នកដំណើរគ្រប់គ្រាន់នោះទេ ដោយអ្នកជិះទូកដរទាំងអស់ប្រឈមនឹងគ្រោះគ្រប់ពេលវេលា ។

គួររំលឹកផងដែរថា កន្លងមក លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានហៅម្ចាស់អាជីវកម្ម ទូកដរ ដែលនៅខណ្ឌជ្រោយចង្វារ ទាំងអស់ មកប្រជុំ និងធ្វើកិច្ចសន្យា បញ្ឈប់ការទារថ្លៃលើសសៀវភៅបន្ទុកតាមអំពើចិត្ត ។

នៅក្នុងកិច្ចប្រជុំ លោក ឃ្លាំង ហួត បានមានប្រសាសន៍ផ្តោតសំខាន់តម្រូវឲ្យម្ចាស់អាជីវកម្មទាំងអស់ធ្វើកិច្ចសន្យា បញ្ឈប់ការទារលុយពីអ្នកធ្វើដំណើរ ឆ្លងទូកដរ លើសពីសៀវភៅបន្ទុក ដែលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រុង បានកំណត់តម្លៃ និងតម្រូវឲ្យម្ចាស់ទូកដរ នីមួយៗ ធ្វើស្លាកប៉ាន់ណូ បិតតារាងតម្លៃនៅកំពង់ចម្លង ។

លោកបន្ត ថាការចម្លងរាល់ថ្ងៃត្រូវអនុវត្តទៅតាមពេលវេលាកំណត់ ដោយចាប់ពីម៉ោង៤ព្រឹក ដល់ម៉ោង៨ និង៣០នាទីយប់ ប៉ុន្តែបើមានករណីបន្ទាន់ ដូចជាស្ត្រីឈឺពោះឆ្លងទន្លេ ប្រជាពលរដ្ឋ ឈឺថ្កាត់យប់ព្រលប់ ដឹកសព ត្រូវជួយចម្លងគ្នាដោយមិនឲ្យឈ្លៀតឱកាសយកលើសតម្លៃឡើយ រួមទាំងកូនសិស្ស និងព្រះសង្ឈផងដែរ ។

លោក ឃ្លាំង ហួត បានសង្កត់ធ្ងន់ដោយព្រមានដល់ម្ចាស់អាជីវកម្មទាំងអស់ថា បើមិនដូច្នេះទេ លោកនឹងប្រើវិធានការ រដ្ឋបាលចុះបិទទូកដរ ណាដែលល្មើស មិនអនុវត្តតាមកិច្ចសន្យានេះ ហើយ្យទៅសុំឡើងវិញនៅសាលាក្រុង។

លោកបានបន្តទៀតថា ករណីអ្នក នាង ខាត់សុឃីម ឆ្លងដរ ហើយចោទថាម្ចាស់ទូកដរ ទារប្រាក់១០០ដុល្លារក្នុង១ជើងនោះ គឺមានពិតមែន ប៉ុន្តែករណីនេះ វាខុសទាំង២នាក់ ព្រោះរថយន្ត ខាត់ សុឃីម ប្រភេទធំ មិនមានចែងនៅក្នុងសៀវភៅបន្ទុកនោះទេ ហើយម្ចាស់ទូកដរ ហ៊ានចម្លង បើមានគ្រោះថ្នាក់ ជាយថហេតុ ក៏ខុសដែរហើយមានទោស ព្រហ្មទណ្ឌទៀតផង ។

នៅក្នុងតារាងតម្លៃរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ថា រថយន្តមធ្យមឆ្លងម្តង១ម៉ឺនរៀល រថយន្តតូច៦ពាន់រៀល រទេះសេះ២ពាន់រៀល មនុស្សម្នាក់ម៉ូតូ១គ្រឿង ១,០០០រៀល កង់១ មនុស្សម្នាក់៧០០រៀល គោ ក្របី សេះ ២,០០០រៀល សម្ភារៈ១០០គីឡូក្រាម ៥០០រៀល អង្ករ១បាវ ៣០០រៀល៕

មតិយោបល់