កណ្តាលៈ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្សពួក៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីលួចសម្លៀកបំពាក់ចេញពីឃ្លាំងផ្ទុកផលិតផលសម្រេចចេញពីរោងចក្រ។ ការចុះបង្រ្កានេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៥៣ ថ្ងៃត្រង់ទី៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅរោងចក្រ ហ្វេង ឃី ខេមបូឌារខូ.អិល.ធី.ឌី ស្ថិតក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អាវុធបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ សែម ពិន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រ ផ្នែកកាតុង ស្នាក់នៅភូមិត្រពាំងកក់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងជនសង្ស័យទី២ឈ្មោះ ខេង រ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្តដឹកទំនិញរោងចក្រ ស្នាក់នៅភូមិពូនភ្នំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។ ចំណែកម្នាក់ទៀតដែលរត់គេចខ្លួន មានឈ្មោះ គឹម វុទ្ឋី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករលើកឥវ៉ាន់តាមឡាន ស្នាក់នៅភូមិតាដោល២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ក្រោយពីទទួលបានព័ត៌មាន ភ្លាមនោះ កងកម្លាំងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ដឹកនាំដោយលោកមេបព្ជាការរងស្រុកទទួលការងារយត្តិធម៌ បានចុះទៅអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ ក្នុងនោះដកហូតបាន សម្លៀកបំពាក់ចំនួន៤កេះស្មើនឹង៥៧ថង់ ស្មើនឹង១១៤សម្រាប់ និងរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C- 0711។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅមូលដ្ឋានកម្លាំងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ដើម្បីបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់