ភ្នំពេញ ៖ អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត បានដឹកនាំកម្លាំងចំរុះចុះធ្វើការឃាត់រថយន្តដែលបើកបរបញ្ច្រាសទិស ដែលនាំឲ្យមានការកកស្ទះចរាចរយ៉ាងខ្លាំង ដែលស្ថិតនៅចំណុចត្រើយខាងកើត ផ្លូវជាតិលេខ៦អា ជិតស្ពានជ្រោយចង្វារ ។
លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានប្រាប់ postnews ឲ្យដឹងថា យប់មិញនៅជិតរង្វង់មូលត្រើយខាងកើត នៅពេលដែលកំពង់កកស្ទះចរាចរនៅផ្លូវជាតិលេខ៦អា ស្រាប់តែមានរថយន្ត ០៩គ្រឿង បានជិះបញ្ជ្រាសទិស ។ ពេលនោះ លោក អភិបាលខណ្ឌ បានបញ្ជាឲ្យកម្លាំងធ្វើការឃាត់រថយន្តទាំងអស់នោះ យកទៅអធិការនគរបាលខណ្ឌដើម្បីធ្វើការអប់រំ និងផាក់ពិន័យតាមច្បាប់ចរាចរជើងគោក ។ ក្រោយមកលោក ឃ្លាំង ហួត បានផ្ដាំទៅប៉ូលិស ប៉េអិម និងសណ្ដាប់ធ្នាប់ខណ្ឌ ត្រូវប្រមូលយករថយន្តល្មើសច្បាប់ទាំងអស់ទៅអធិការនគរបាលខណ្ឌ កុំឲ្យបាត់រថយន្ត ០១គ្រឿងឲ្យសោះ ។
នៅពេលដែលប្រមូលរថយន្តមកដល់អធិការខណ្ឌ ស្រាប់តែបាត់រថយន្តទំនើប ០២គ្រឿង ដោយក្នុងនោះម៉ាក៖ ទី១ រថយន្តម៉ាក សឺដែស ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2G 6868 និងទី២ រថយន្តម៉ាក Ford ផ្លាកលេខ ភ្នំពេញ 2AD 6832 បែបជានគរបាលបានដោះលែងទៅបាត់ ។
លោក ឃ្លាំង ហួត បានបន្តទៀតថា វាហួសហេតុ ខ្ញុំទៅដឹកនាំដោយផ្ទាល់ ដើម្បីឲ្យគេគោរពច្បាប់ចរាចរ ដែលសម្តេចក្រឡាហោម ស ខេង ខំ រឹតបណ្ដឹងច្បាប់ចរាចរ ហើយក្នុងនាមជាគណៈបញ្ជាការឯកភាពខណ្ឌ យើងត្រូវតែអនុវត្ត គឺសមត្ថកិច្ចចរាចរ ហើយខាងសណ្តាប់ធ្នាប់ និងប៉េអិម ជួយ យកទៅដាក់ឲ្យនៅកន្លែងប៉ូលិស ដើម្បីធ្វើតាមច្បាប់ចរាចរ ។
លោក ឃ្លាំង ហួត អភិបាលខណ្ឌ បានបញ្ជាក់ទៀតថា ចុះបើថ្នាក់អភិបាលខណ្ឌចុះបញ្ជាដោយផ្ទាល់ហើយ គាត់ហ៊ានធ្វើបែបហ្នឹងទៀត ចុះទម្រាំរឿងផ្សេងៗទៀត តើពួកគាត់ធ្វើបែបណា? ថ្នាក់ក្រោមជាតិ ភូមិសង្កាត់-ខណ្ឌខំធ្វើអំពើល្អ តែកងកំលាំងមិនចូលរួមទេ គឺខ្ទេចខ្ទីអស់ហើយក្នុងមូលដ្ឋាន សូមកុំ ភ្លេចថាប្រជាជនមានភ្នែក មានច្រមុះ មានត្រចៀក ចាំឃ្លាំមើលសកម្មភាពក្នុងសង្គមគ្រប់ពេលវេលា ៕
មតិយោបល់