ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះអនុភូមិធ្មេញត្រី ផ្អើលប្រជាពលរដ្ឋ

បន្ទាយមានជ័យ: អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នង បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច កាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ ជាប្រភេទផ្ទះថ្ម មានទំហំ ទទឹង៨ម៉ែត្រ និងបណ្តោយ១៣,៥ ម៉ែត្រ របស់ឈ្មោះ នួន ខេល ភេទប្រុស អាយុ៣៦ឆ្នាំ មានតួនាទីជាអនុភូមិ ។

មុនពេលកើតហេតុ គេបានឃើញមានផ្សែងហ៊ុយចេញពីផ្ទះខាងលើ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ម្ចាស់ផ្ទះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង នាំគ្នាជួយអន្តរាគមន៍យកទឹកមកជះពន្លត់ និងរាយការណ៍ជូនសមត្ថកិច្ច ដើម្បីហៅរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់ រហូតរលត់ទៅវិញជាស្ថាពរ ដោយមិនបណ្តាលឲ្យរាលដាលដល់ផ្ទះទាំងមូលនោះទេ គ្រាន់តែរងការខូចខាតជាង៣០ភាគរយតែប៉ុណ្ណោះ៕


មតិយោបល់