ព័ត៌មានជាតិ

ខ្ចីម៉ូតូមួយភ្លែត បាត់៦ថ្ងៃ ពេលនេះជាប់ខ្នោះសមត្ថកិច្ច

បាត់ដំបង: នគរបាលក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពរំលោភលើទំនុកចិត្ត យកម៉ូតូរបស់គេ កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី ២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិតាឡំចុង ឃុំតាឡំ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ រហូតដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ទើបចាប់ខ្លួនបាន។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ កាន់ ហេង ហៅទីន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

រីឯជនរងគ្រោះឈ្មោះ រីក ណាត ភេទស្រី អាយុ៤៦ឆ្នាំ ទីលំនៅ ភូមិតាឡំចុង ឃុំតាឡំ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យបានធ្វើសកម្មភាព ខ្ចីម៉ូតូជនរងគ្រោះខាងលើ ថាទៅលួសម៉ូតូខ្លួនដែលបានបញ្ចាំនៅឃុំបឹងព្រីង ក្រោយពីខ្ចីម៉ូតូបានជនសង្ស័យក៏ជិះម៉ូតូគេចមកខេត្តបាត់ដំបងបាត់ស្រមោល ដោយម៉ូតូដែលជនសង្ស័យខ្ចីយកទៅបាត់ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ស្លាកលេខ 1M-8532 ។

ក្រោយពីបានទទួលព័ត៌មានពីនាយការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យរួចមក កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះធ្វើការស្រាវជ្រាវលុះរហូតដល់វេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅស្ថិតក្រុមទី២ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបងរហូតឈានដល់ការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តចាត់ការតាមនីតិវិធីតាមផ្លូវច្បាប់ ៕

មតិយោបល់