អាមេរិកៈ ហាវ៉ៃជារដ្ឋដំបូង ដែលបានប្ដឹងជំទាស់ និងស្នើឲ្យមានការអន្តរាគមន៍ពីតុលាការ កាលពីថ្ងៃពុធ ដើម្បីបញ្ឈប់ការប្រតិបត្តិបទបញ្ជាថ្មីរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលបានរឹតបន្តឹងការធ្វើដំណើរលើជនភៀសខ្លួន មកពីប្រទេសម៉ូស្លីមចំនួន ៦ មិនឲ្យចូលជាន់ដីអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧។
ពាក្យបណ្តឹងរបស់រដ្ឋហាវ៉ៃ បានលើកឡើងថា បទបញ្ជាថ្មីនេះ នឹងបង្កគ្រោះថ្នាក់ដល់ជនមូស្លីម វិស័យទេសចរណ៍ និងសិស្សបរទេស ដែលកំពុងរស់នៅក្នុងរដ្ឋមួយនេះ។
ចៅក្រមតុលាការតំណាងរដ្ឋ Hawaii លោក Derrick Watson បានសម្រេចប្តឹងប្រឆាំងលើបទបញ្ជាថ្មីនេះ បន្ទាប់ពីវាត្រូវបានចុះហត្ថលេខា ដោយប្រធានាធិបតីលោក ត្រាំ កាលពីថ្ងៃចន្ទ ដោយគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១៦ ខែមីនាខាងមុខ។
សូមជំរាបថា អ្នកជំនាញផ្នែកច្បាប់មួយចំនួន បានឲ្យដឹងថា បទបញ្ជាថ្មីនេះ មិនប៉ះពាល់ដល់អ្នកដំណើរ ដែលមានទិដ្ឋាការរួចហើយនោះទេ ប៉ុន្តែវានឹងធ្វើការរារាំងទិដ្ឋាការ ចំពោះប្រជាជនមកពីប្រទេសមូស្លីមចំនួន០៦ ព្រមទាំងផ្អាកកម្មវិធីទទួលជនភៀសខ្លួនជាបណ្តោះអាសន្ន៕
មតិយោបល់