បាត់ដំបងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត បានប្រើប្រាស់ល្បឿនលឿនទំនងជាបាត់បង់ម្ចាស់ការ និងមិនអាចគ្រប់គ្រងបាន ក៏ជ្រុលចង្កូតទៅបុកអ្នកជិះម៉ូតូ ពេញទំហឹង បណ្ដាលឲ្យមនុស្សស្រីចំនួន២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៥និង២០ នាទីល្ងាច ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចមុខវត្តអូរស្បែកប្រើស ស្ថិតក្នុងភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុគឺ រថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ2Q6874 បានបើកបរពីលិចទៅកើត ស្ថិតក្នុងល្បឿនយ៉ាងលឿន ក៏បានឡើងជែងទៅលើម៉ូតូមួយគ្រឿង ហើយទំនងជា យកចង្កូតមកវិញមិនទាន់ ក៏ជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគី គ្មានផ្លាកលេខ ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា បណ្តាលឲ្យភាគីម៉ូតូ ជិះគ្នា២នាក់ បានស្លាប់ជាបន្តបន្ទាប់ ។
ក្រោយពេលកើតហេតុ នៅពេលដែលសមត្ថកិច្ចមិនទាន់មកដល់ និងម្យ៉ាងទៀតដោយសារតែរថយន្ត បានជ្រុលចង្កូតធ្លាក់ផ្លូវផងនោះ ទើបធ្វើឲ្យអ្នកបើកបរ រត់គេចខ្លួនបាត់ស្រមោល តែម្តង។ ចំណែកជនរងគ្រោះ មានឈ្មោះ ព្រឿង ហ៊ីង ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរធ្វើចំការ ជាអ្នកបើកបរម៉ូតូ ( ស្លាប់នៅនឹងកន្លែង ) និងអ្នករួមដំណើរឈ្មោះ ជា មុំ ភេទស្រី អាយុ២៣ឆ្នាំ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយជនរងគ្រោះទាំង២នាក់ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការប្រគល់សពទៅឲ្យក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកចំពោះមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង ក៏ត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន រង់ចាំធ្វើការដោះស្រាយជាក្រោយ ៕









មតិយោបល់