បាត់ដំបងៈ នៅវេលាម៉ោង១២ និង១៥នាទីយប់ថ្ងៃទី១១ ខែមិនា មានករណីម៉ូតូទ្រីមសង់ស៊េរី ២០១៧ មួយគ្រឿង បានបើកក្នងលឿន ក៏ជ្រុលចង្កូតទៅបុករថយន្តកាំម៉ារី ពណ៌ស គូតស្វិតយ៉ាងពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ស្ថិតនៅលើស្ពានថ្មសខេង ភូមិរំចេកបួន ឃុំរតនះ ខេត្ដបាត់ដំបង នៅជាប់នឹងសួនច្បារសខេង។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកទ្រីមសង់ស៊េរី ២០១៧ ពណ៌ទឹកមាស អត់មានស្លាកលេខ បានបើកក្នុងល្បឿនយ៉ាងលឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំនុចកើតហេតុ ស្រាប់តែមានឡានមួយគ្រឿងទៀត ម៉ាកកាំម៉ារីគូតស្វិត ពណ៌ស មិនចាំស្លាកលេខបើកល្បឿនយ៉ាងលឿនដូចគ្នា ទិសដៅពីជើងទៅត្បូង ហើយបានបត់ឆ្លងផ្លូវ ដោយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យខាងម៉ូតូម៉ាកទ្រីមសង់វ៉ាក់អឺ ចាប់ហ្វាំងមិនទាន់ ក៏ទៅបុករថយន្តកាំម៉ារីគូទស្វិត ចំពេញទំហឹង ហើយរថយន្តកាំម៉ារីបានបន្តបើកគេច ដោយអូសម៉ូតូពីកន្លែងកើតហេតុ រហូតដល់ភូមិស្ដៅ ស្រុកបាណន់ ខេត្តបាត់ដំបង ទើបម៉ូតូរបូតចេញពីរថយន្ត នៅលើផ្លូវលំមួយ ភូមិស្ដៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្រោយកើតហេតុ ម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីរងចាំដោះស្រាយ នៅពេលក្រោយ រីឯជនរងគ្រោះឈ្មោះ សាយ ចាន់ត្រា ភេទប្រុសអាយុ២១ ឆ្នាំ នៅភូមិអញ្ចាញ ឃុំអូចារ ខេត្តបាត់ដំបង ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ៕
មតិយោបល់