ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចយកទូរសព្ទដៃមិនបានសម្រេចជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនភ្លាមៗ នៅពេលដែលជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចយកទូរសព្ទដៃ មួយគ្រឿងមិនបានសម្រេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល (ផ្សារសុភមង្គល) ខាងក្រោយផ្សារសាំហាន់ បន្ទប់លេខ៨ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ វ៉ាន់ វី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅ មិនពិតប្រាកដ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ស្រី សំភី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបរ ស្នាក់នៅផ្ទះជួល (ផ្សារសុភមង្គល) បន្ទប់លេខ៨ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកទូរសព្ទដៃ មួយគ្រឿង ម៉ាក អាយហ្វូនហ្វាយ នៅលើកន្ទេលក្នុងបន្ទប់ជួល រួចមកជនរងគ្រោះបានទៅធ្វើម្ហូបដោយខ្វះគ្រឿង បន្ទាប់មកជនរងគ្រោះក៏បានចេញទៅក្រៅ ដើម្បីទិញគ្រឿងផ្សំសម្ល ខណ:ពេលត្រឡប់មកវិញ ស្រាប់តែបាត់ទូរសព្ទដែលទុកលើកន្ទេល។ ភ្លាមៗនោះ ស្រាប់តែឃើញជនសង្ស័យម្នាក់កាន់ទូរសព្ទរបស់ជនរងគ្រោះដើរចេញយ៉ាងលឿន ពេលឃើញដូចនោះ ជនរងគ្រោះក៏ស្រែកផ្អើលឆោឡោជួនពេលដែលកម្លាំងសមត្ថកិច្ចយើងធ្វើការជិះល្បាតក្នុងមូលដ្ឋាន ក៏ដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។ ចំណែកឯសម្ភារ:ដែលដកហូតបានពីជនសង្ស័យ ត្រូវសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើរួចមក សមត្ថកិច្ចយើងបានបញ្ជូនខ្លួនមកកាន់ប៉ុស្តិ៍នគរបាលទួលសង្កែ ធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់