ព័ត៌មានជាតិ

ករណីបង្ក្រាបឈើខុសច្បាប់ នៅភូមិគ្រឹះរបស់មេបញ្ជាការរង PM ខេត្តកំពង់ស្ពឺ មិនទាន់បានបញ្ចប់នោះទេ

ភ្នំពេញៈ ក្រោយពីកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលពីលោក អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាប និងឆែកឆេរភូមិគ្រឹះរបស់លោក ឆេង ឡុង មានតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តាំងពីយប់ថ្ងៃទី១១ ខែមីនា រហូតមកដល់រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ នៅមិនទាន់បានបិទបញ្ចប់នោះទេ នេះបើយោងតាមការអះអាងរបស់លោកឧត្តមសេនីយត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា មកដល់រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ នៅភូមិគ្រឹះលោក ឆេង ឡុង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤​ ភូមិសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​ គឺមិនទាន់ចប់នៅឡើយទេ ហើយលោកក៏មិនទាន់ទទួលបានរបាយកាណ៍នៃការបង្ក្រាបនោះនៅឡើយដែរ។

ពាក់ព័ន្ធករណីបង្ក្រាបបទល្មើសព្រៃឈើផ្អើលខេត្តកំពង់ស្ពឺនេះ យើងមិនអាចសុំការបញ្ជាក់ពីលោក កែវ ធា ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺបានទេ ដោយទូរស័ព្ទដៃលោកហៅមិនចូល។

ដោយឡែកលោក អ៊ូ ផាត ព្រះរាជអាជ្ញារងដែលសម្របសម្រួលករណីនេះផ្ទាល់ក៏មិនលើកទូរស័ព្ទនោះទេ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ការចុះឡោមព័ទ្ធភូមិគ្រឹះខាងលើ កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ម្សិលមិញ គឺសមត្ថកិច្ចធ្វើការតាមដានជាយូរមកហើយ​ ប៉ុន្តែការបង្ក្រាបនេះលោក ឆេង ឡុង ហាក់បីដូចជាដឹងខ្លួនមុន​ និងបានបញ្ជាឲ្យក្រុមកូនចៅរបស់ខ្លួនបើករថយន្តធុនធំ (យីឌុប) ចំនួន២គ្រឿងដឹកឈើចេញមុនពេលប្រតិបត្ត ប៉ុន្តែបើកចេញបានតែរថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស​ កន្ទុយពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3A-9126 ១គ្រឿងតែប៉ុណ្ណោះ​ដោយមានផ្ទុកឈើប្រណិតប្រភេទធ្នុងជាច្រើនពេញរថយន្ត។

យោងតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ការបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងភូមិគ្រឹះរបស់មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឆេង ឡុង នេះអាចផ្តើមចេញពីទំនាស់ផលប្រយោជន៍ផ្ទៃក្នុង៕

មតិយោបល់