ព័ត៌មានជាតិ

សូមប្រុងប្រយត្ន! ព្រោះតែសំទ្បេងខលតាមទូរស័ព្ទស្រដៀងក្មួយ អស់លុយ ៣០០ដុល្លារ

ភ្នំពេញៈ ស្ត្រីម្នាក់បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលកន្ទោក បន្ទាប់ពីចាញ់បោកបុរសម្នាក់ ដែលមានសំទ្បេងដូចជាក្មួយប្រុសរបស់ខ្លួនបេះបិតប្រាប់ថា ជួបគ្រោះថ្នាក់ចរាចរណ៍បុកគេ បាក់ចង្កេះហើយគេឲ្យបង់លុយ ១៥០០ដុល្លារ តែគាត់បដិសេធថា អត់មានលុយទេ ទើបផ្ញើឲ្យ៣០០ដុល្លារ ក្រោយមកទើបដឹងថាចាញ់បោកគេ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី១២ខែមីនា ស្ថិតក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះខាងលើ ឈ្មោះ គង់ សុខា អាយុ៣៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ បានទទួលលេខទូរស័ព្ទហៅចូលលេខរបស់គាត់ ដោយគាត់ស្មានថាជាក្មួយប្រុសរបស់គាត់ ឈ្មោះ អាខួច ខណៈគាត់មិនបានចំណាំសំទ្បេងក្មួយប្រុសនោះទេ ព្រោះតែឮសូរស្រដៀងគ្នាខ្លាំងណាស់ ដោយបុរសខាងលើ បានរៀបរាប់ប្រាប់គាត់ថា ជួបគ្រោះថ្នាក់ចរាចរណ៍ នៅខាងកើតស្ពានអ្នកលឿង ដោយជិះម៉ូតូទៅបុកគេបាក់ចង្កេះគេទាមទារប្រាក់ចំនួន ១៥០០ដុល្លារ សុំឲ្យគាត់ជួយផ្ញើលុយតាមវីងឲ្យផង ព្រោះខ្លួនអត់មានលុយជាប់ខ្លួននោះទេ។

តែពេលនោះស្ត្រីរងគ្រោះឆ្លើយថា អត់មានលុយទេ ទើបផ្ញើឲ្យតែ៣០០ដុល្លារ ក្រោយមកទៀត ជនសង្ស័យញ៉ាមក៏ទូរស័ព្ទមកប្រាប់គាត់ម្តងទៀតថា ឥលូវជនរងគ្រោះដែលខ្លួនបុកបាក់ចង្កេះនោះ បានស្លាប់បាត់ហើយ ខណៈដែលគ្រួសារគេឲ្យបង់១០០០ដុល្លារ ពេលនោះស្ត្រីរងគ្រោះប្រាប់ថា អត់លុយទេលុតជង្គង់អង្វរគេទៅចាំមើលគាត់ទៅរកខ្ចីគេ៣០០ទៀត។ ស្រាប់តែពេលទៅខ្ចីលុយគាត់ ក៏មានការសង្ស័យ ព្រោះឮគេនិយាយថា បុកគេងាប់ឯណាយកលុយ៣០០ដុល្លារ ដូចមិនគួរឲ្យជឿ ទើបស្ត្រីខាងលើសង្ស័យកាន់តែខ្លាំង ទើបឲ្យក្មួយម្នាក់ទៀត ដែលជាប្អូនរបស់ក្មួយប្រុស ដែលខ្លួនសង្ស័យ ខលទៅបងវា និងផ្ទៀងលេខមើលទើបដឹងថា ក្មួយប្រុសរបស់ខ្លួនមិនដឹងរឿងអីទេ ហើយកំពុងនៅផ្ទះនៅខេត្តព្រៃវែង យ៉ាងមានក្តីសុខមិនមានគ្រោះថ្នាក់ចរាចរណ៍អីនោះទេ។

ដោយបានដឹងច្បាស់ថា ចាញ់បោកគេដូច្នេះ ទើបស្ត្រីរងគ្រោះរត់មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលកន្ទោក ឲ្យជួយអន្តរាគមន៍ទាំងទឹកភ្នែករលីងរលូងតែម្តង៕

មតិយោបល់