សៀមរាបៈ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប តែងតែបានយកចិត្តទុកដាក់ចំពោះបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលតែងតែចេញចូលមកស្នាក់នៅ និងដើរលេងកម្សាន្តនៅក្នុងខេត្តសៀមរាប ទាំងមូលមានលក្ខណៈល្អប្រសើរគួរឲ្យកត់សម្គាល់។
ជាក់ស្តែងនៅវេលាម៉ោង៧យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ នៅតំបន់ផាប់ស្ទ្រីតបានរៀបចំកម្មវិធី HAPPY HALLOWEEN ដែលពិធីនេះជាបុណ្យសាសនារបស់ជនជាតិអឺរ៉ុបជាអ្នកបង្កើតឡើង ក្នុងនោះយើងសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ បានមកចូលរួមលេងកម្សាន្ត និងទស្សនាយ៉ាងច្រើនកុះករ ទន្ទឹមនឹងនោះដែរ កងកម្លាំងនគរបាលខេត្តសៀមរាប បានរៀបចំការពារ រក្សាសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានយ៉ាងរលូន និងគ្មានបញ្ហាអ្វីកើតឡើងនោះទេ។
ក្រៅពីកម្មវិធី HAPPY HALLOWEEN នេះកងកម្លាំងនគរបាលចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅតែបន្ត រៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ជារៀងរាល់ថ្ងៃ មិនថាពេលថ្ងៃ ឬពេលយប់នោះទេ៕
មតិយោបល់