ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សម្រេចកម្ទេចទូរហ្គេមបាញ់ត្រីចាស់ថ្មីចំនួន១៣ទូចោល

ភ្នំពេញៈ ទូរហ្គេមបាញ់ត្រីចំនួន១៣ទូរ មានចាស់ ថ្មី ក្រោយពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប និងដកហូតបានកន្លងមក រហូតមកដល់ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សម្រេចកម្ទេចចោលហើយ នៅចំណុចដីវាល ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាព លោក ហែម ដារិទ្ធ អភិបាល នៃគណអភិបាល ខណ្ឌពោធិ៍សែនជ័យ ចូលរួមពីមន្រ្តីសាលាខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋ។

តាមអាជ្ញាធរបានឲ្យដឹងថា ទូរហ្គេមបាញ់ត្រីទាំងនេះ ត្រូវបានគណបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបានកន្លងមក ដែលជនឆ្លៀតឱកាស លួចដាក់ បើកឲ្យយុវជ័យ ក្រុមអ្នកញៀនល្បែង ប្រភេទនេះលេង ដែលជាបញ្ហាមួយ ល្មើសច្បាប់ បង្កអសន្តិសុខ ក្នុងមូលដ្ឋាន ទើបសមត្ថកិច្ច អាជ្ញាធរ ចុះបង្ក្រាប និងធ្វើការដកហូត វត្ថុតាងនៃការប្រព្រឹត្តល្មើស ល្បែងស៊ីសង បង្កប់គ្រឿងញៀន ប្រភេទនេះ ។

ក្រោយពីចាប់បានទូរហ្គេមបាញ់ត្រី ក្នុងរយៈពេលកន្លងមក បានសរុបចំនួន១៣ទូរ ត្រូវបានយកមករក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ រហូតមកដល់ព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ អាជ្ញាធរសម្រេច យកទៅវាយកម្ទេចចោលហើយ ។

អាជ្ញាធរ អំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជួយចួលរួមចំណែក រក្សាសន្តិសុខ និងសុវត្តិភាពក្នុងមូលដ្ឋាន ចូលរួមរាយការណ៍នូវសភាពការណ៍ សកម្មភាពបទល្មើស ដែលកើតមានក្នុងមូលដ្ឋាន ទៅស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរ ដើម្បីចាត់វិធានការ បង្ក្រាប និងទប់ស្កាត់ឲ្យទាន់ពេលវេលា ដូចជាបនល្បែងស៊ីសង គ្រឿងញៀនជាដើម៕

មតិយោបល់