ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះបានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយ អញ្ជើញទៅចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ានដែល និងប្រព្រឹត្តទៅនៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១និងទី២ ខែមិថុនា ឆ្នាំ២០១៦។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើង តបតាមការអញ្ជើញរបស់ លោក ដាតុស្រ៊ីម៉ូដ ណាជីប ប៊ិន ទុន ហាជីអាប់ឌុល រ៉ាហ្សាក់ (Dato sri Mohd Najib bin tun Haji Abdul Razak) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងសាស្រ្តចារ្យ ក្លៅស៍ ស្កវេប (klaus schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកា សេដ្ឋកិច្ចពិភពលោក។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ ក៏បានបញ្ជាក់ដែរថា បន្ទាប់ពីចូលរួមកិច្ចប្រជុំរួចមក សម្តេចហ៊ុន សែន និងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់មួយ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅម៉ាទ្បេ ស៊ី នៅថ្ងៃទី៣ និងទី៤ ខែមិថុនាឆ្នាំ២០១៦ តបតាមការអញ្ជើញ របស់នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ដើម្បីលើកកម្ពស់ និងធ្វើឲ្យ កាន់តែស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរ។
សូមបញ្ជាក់ថា នៅក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនេះ សម្តេចហ៊ុន សែន និងជួបចរចាផ្លូវការជាមួយលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ បន្ទាប់ពីកិច្ចចរចា នាយករដ្ឋមន្ត្រីទាំងពីរ និងធ្វើជាអធិបតី ក្នុងពិធី ចុះហត្ថលេខាលើឯកសារមួយចំនួនដូចខាងក្រោម៖
១.អនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន និងការផ្សាយតាមរលកធាតុអាកាស។
២. អនុស្សរណៈយោគយល់ ស្តីពីកម្មវិធីអ្នកស្មគ្រ័ចិត្តអន្តរជាតិ MYCORPS នៅកម្ពុជា៕
មតិយោបល់