ប៉ៃលិនៈ មនុស្សចំនួន៣នាក់ ដែលត្រូវជាប្តី ប្រពន្ធដើម និងប្រពន្ធចុង ត្រូវបានសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ធ្វើការចាប់ខ្លួន តាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយ ពីបទចោទបង្ខាំងទុក និងជួញដូរមនុស្ស។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិថ្មី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
អ្នកទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ ទី១ឈ្មោះ ហ៊ីវ វណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ (ជាប្តី) ,ទី២ឈ្មោះជុំ ចន្ទ្រា ភេទស្រី អាយុ២៨ឆ្នាំ (ប្រពន្ធដើម) និងទី៣ឈ្មោះ លន់ និមល ភេទស្រី អាយុ២០ឆ្នាំ (ជនសង្ស័យរងគ្រោះ)។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីជាម្តាយរួចមក លោកស្រី ឧត្តមសេនីយ៍ត្រី សាន់ សាវឿន ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានទទួលព័ត៌មានពីលោក ពេញ វិបុល អគ្គព្រះរាជអាជ្ញារងនៃសាលាឧទ្ធរណ៍ឲ្យដឹងថា ក្នុងខេត្តប៉ៃលិន មានករណី នាំចេញមនុស្សមិនស្របច្បាប់ និងចាប់បង្ខាំងក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ នៅចំណុចភូមិថ្មី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពដដែលបានបន្តថា ដោយក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន ក្រោយពីទទួលការរាយការណ៍ចប់ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាផ្ទាល់ទៅលោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង ដើម្បីចាត់ឲ្យលោកវរសេនីយ៍ទោ អេង ភាវ នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងលោកអនុសេនីយ៍ទោ យ៉ែម សារិទ្ធ នាយរងការិយាល័យ ចុះទៅដល់ទីតាំងខាងលើ។ ក្រោយពេលទៅដល់ សមត្ថកិច្ចក៏ប្រទះឃើញជនសង្ស័យជាប្រពន្ធដើម និងជនសង្ស័យរងគ្រោះ ជាប្រពន្ធចុង នៅនឹងកន្លែងកើតហេតុ។
ប៉ុន្តែក្រោយពីសមត្ថកិច្ចសាកសួររួចមក ជាចម្លើយគឺពុំពិតដូចពាក្យម្តាយនាងបានប្តឹងទៅអគ្គព្រះរាជអាជ្ញារង នៃសាលាឧទ្ធរណ៍នោះទេ គឺរូបនាងបានស្រឡាញ់គ្នា និងរស់នៅជាមួយបុរសនោះ អស់រយៈពេល៥ឆ្នាំកន្លងមកហើយ ពុំមាននរណាម្នាក់ចាប់បង្ខាំងរូបនាងទុកនោះទេ។
ចំណែកពាក្យបណ្តឹងខាងលើនេះ គឺម្តាយនារីជាប្រពន្ធចុង បានខឹងសម្បានឹងកូនស្រី ដោយមូលហេតុ ហៅនាងត្រឡប់ទៅផ្ទះវិញ តែនាងពុំព្រមទៅ និងព្រមនៅធ្វើជាប្រពន្ធចុងបុរសរូបនោះទៀត ដោយរួមរស់ជាមួយប្តី និងប្រពន្ធដើម ក្រោមដំបូលផ្ទះតែមួយ យ៉ាងសុខសាន្ត ក្នុងភូមិខាងលើ៕



មតិយោបល់