ភ្នំពេញៈ ស្រ្តីម្នាក់ឃើញបុរសម្នាក់ទៀតស្រវឹងស្រា ជិះម៉ូតូនៅកាត់មុខផ្ទះលឿនពេក គាត់បានស្រែកស្ដីឲ្យ ដែលជាហេតុធ្វើឲ្យយុវជននោះខឹងសម្បារ បង្កឲ្យមានទំនាស់គ្នាកើតឡើង ។
ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្រ្តីដែលជាជនដៃដល់ឈ្មោះគឹម សឿន អាយុ៤០ឆ្នាំ មុខរបរលក់ឥវ៉ាន់ចាបហួយនៅផ្ទះ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ចំណែកឯបុរសរងគ្រោះឈ្មោះព្រំ យិន អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស្រាបៀរសិង្ហា ស្នាក់នៅក្នុងភូមិជាមួយគ្នា បានរងរបួសខ្នង១ពូថៅ ស្មាស្ដាំ១ពូថៅ ថ្ពាល់ខាងស្ដាំ១ពូថៅ និងទ្រូងខាងស្ដាំ១ពូថៅ។
តាមប្រភពព័ត៌មានពីកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានផឹកស្រាស្រវឹងជោគ ហើយបាន ជិះម៉ូតូ១គ្រឿងតាមផ្លវក្នុងភូមិ កាត់មុខផ្ទះស្រ្តីដែលជាជនដៃដល់ខាងលើ ខណៈដែលស្រ្តីរូបនោះបានស្រែក ស្ដីឲ្យថា«ឯងជិះម៉ូតូអីក៏លឿនម្លេះ»? ខណៈដែលបុរសនោះស្រវឹងស្រា ក៏បានឈប់ម៉ូតូហើយ ធ្វើការតបតវិញ បង្កឲ្យមានទំនាស់កើតឡើង ហើយជនរងគ្រោះបានចូលរករឿងដល់ក្នុងផ្ទះ រហូតមានការវាយតប់គ្នាជាមួយប្ដីរបស់ស្រ្តីជាប់ចោទ។ខណៈដែលឃើញប្ដី និងជនរងគ្រោះវាយតប់គ្នា ស្រ្តីរូបនោះបានទាញពូថៅចូលទៅជួយប្ដី ដោយបានកាប់ទៅលើ បុរសរងគ្រោះចំនួន៤ពូថៅ បណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់មកជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ដើម្បីសង្គ្រោះបន្ទាន់។
ដោយឡែក ស្រ្តីដែលជាជនដៃដល់ ត្រូវបាននគរបាលប៉ុស្ដិ៍ជើងឯក ចុះទៅធ្វើការចាប់ខ្លួននាំយកសាកសួរ ឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌដង្កោ ងើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕
https://youtu.be/QwEdrEeKOTE
មតិយោបល់