ព័ត៌មានជាតិ

Update៖ សមត្ថកិច្ចចម្រុះឆ្មក់បង្ក្រាប ទីតាំងស្តុកឈើខុសច្បាប់ចំនួន២កន្លែង ក្នុងស្រុកអង្គស្នួល

កណ្តាលៈ ទីតាំងស្តុកឈើប្រណីត និងកែច្នៃឈើ ពីកន្លែងនៅក្នុងភូមិចម្ការចិន និងភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយនគរបាលស្រុកអង្គស្នួល ធ្វើការបង្ក្រាប និងរឹបអូសឈើប្រណីតបានចំនួន៩៧ដុំ និង៨៥បន្ទះ ប្រហែល៥ម៉ែត្រគូប និងដកហូតម៉ាស៊ីកែច្នៃឈើមួយចំនួន និងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ផងដែរ កាលពីរសៀលថ្ងៃទីថ្ងៃទី១២ខែមីនា ឆ្នាំ២០១៧ ដែលមានការចូលរួមពីជំនាញព្រៃឈើ មេឃុំ មេភូមិ។
លោកវរសេនីយ៍ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ទីតាំងសមត្ថកិច្ចចុះបង្ក្រាបនោះ ទី១នៅក្នុងភូមិចម្ការចិន ឃុំម្កាក់ ស្រុកអង្គស្នួល ធ្វើការរឹបអូសឈើប្រណីតប្រភេទធ្នង់ដុំ៩៧ដុំ និង៨៥បន្ទះ សរុបជាគូបប្រហែលជា៥ម៉ែត្រគូប និងម៉ាស៊ីនសម្រាប់ជ្រៀកកែច្នៃឈើមួយចំនួនផងដែរ និងទីតាំងមួយកន្លែងទៀតនៅក្នុងភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកស្នួល ហើយម្ចាស់ទីតាំងទាំងពីរនេះមានឈ្មោះ ផុន សុជាតិ ភេទប្រុស អាយុ៣៣ឆ្នាំ។

លោកបានបន្តថា មុនពេលចុះបង្ក្រាបទីតាំងទាំង២កន្លែងនោះ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានទីតាំង កែច្នៃឈើខាងលើលួចដឹកឈើប្រណីតាមរថយន្តស៊េរីទំនើបចូលមកទម្លាក់នៅពេលយប់ ដោយមានការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកលោកស្នងការនគរបាលខេត្តកណ្តាល និងមានការសហការពីជំនាញព្រៃឈើ ក៏ដូចជាកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ទើបលោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឃើញរថយន្ត២គ្រឿងម៉ាកឡិចស៊ីសមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AH -2637 និងរថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីសRX300 មិនចាំស្លាកលេខ បម្រុងទម្លាក់ឈើទើបកម្លាំងចូលបង្ក្រាបឃាត់បានរថយន្តមួយគ្រឿងម៉ាកRX300 ភ្លាមនោះរថយន្តមួយគ្រឿងទៀតម៉ាកRX330បានព្យាយាមបើកគេចខ្លួនបាត់ ។

លោកបានបន្តទៀតថា ក្រោយកម្លាំងចូលបង្ក្រាបរួចនិងឃាត់ម្ចាស់ទីតាំងខាងលើទើបដឹងថា នៅមានទីតាំងមួយកន្លែងទៀតនៅក្នុងភូមិត្រពាំងត្នោត ដែលជាទីតាំងសម្រាប់នាំយកឈើទៅស្តុកនិងចែកចាយបន្តនិងកែច្នៃផងដែរ និងមានឈ្មួញនៅរង់ចាំទិញបន្តផងដែរ ។

បើយោងតាមម្ចាស់ទីតាំងខាងលើ បានរៀបរាប់ប្រាប់នគរបាល ថាគេបានទំនាក់ទំនងជាមួយនាយប៉ុស្តិ៍ម្កាក់ ក៏ដូចជាជំនាញព្រៃឈើស្រុកអង្គស្នួល និងមន្ត្រីប៉េអឹមផងស្រុកផងដែរ ដោយជំនាញព្រៃឈើគិតលុយជាក្បាលរទេះ។ ចំណែកប៉េអឹមស្រុកវិញគឺបង់ជាខែតាមមន្ត្រីម្នាក់ ដែលជាមន្ត្រីប៉េអឹមផងនិងជាអ្នកកាសែតផងដែរ បើមិនដូច្នេះគេមិនអាចធ្វើបាននោះទេ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅក្បែរទីតាំងកើតហេតុនោះ បានឲ្យដឹងថា ទីតាំងគឺធ្វើសកម្មភាពអាច្រៀកនៅតែពេលយប់ ដោយជញ្ជូនឈើចូលនិងលក់ចេញនៅពេលយប់ផងដែរ ដោយមានជនជាតិចិន និងវៀតណាមចាំទិញបន្ត ដោយដឹកជញ្ជូនចេញបន្តតាមរយៈរថយន្តទ្រុងបិតជិត មានរថយន្ត ទំនើប២ទៅ៣គ្រឿងដើរមើលផ្លូវផងដែរ។

បើតាមលោក ណយ ពុទ្ធ មេភូមិត្រពាំងត្នោតបានឲ្យដឹងថា ទីតាំងនេះលោកធ្លាប់សុំប័ណ្ណប៉ាតង់គេមើលគឺអស់សុពលភាពតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៥ មកម្ល៉េះ៕

មតិយោបល់