តាកែវៈ នៅព្រឹកថ្ងៃទី១៣ ខែមីនា នេះ មន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិភ្នំដិន បានបន្តពិនិត្យ និងស្រាវជ្រាវធ្វើតេស្តបឋម រកសារធាតុគីមីហាមឃាត់ លើគ្រប់មុខទំនិញជាប្រភេទបន្លែ ផ្លែឈើ ត្រី សាច់ ជាពិសេស ម្ហូបអាហារ ដែលនាំចូលពីប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិភ្នំដិន ពិសេសនោះគឺធានាបាននូវគុណភាពអនាម័យ និងគ្មានសារធាតុគីមីដែលចរាចរលើទីផ្សារ។
ប៉ុន្តែជាលទ្ធផល មន្រ្តីកាំកុងត្រូលច្រកទ្វារភ្នំដិន ពុំបានរកឃើញសារធាតុគីមីហាមឃាត់នោះទេ ហើយមន្រ្តីជំនាញក៏បានដកហូតយកគំរូទំនិញដែលបានធ្វើតេស្តរួច បញ្ជូនមកមន្ទីរពិសោធន៍ នៅអគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីពិនិត្យបន្ថែមទៀត។
ដោយឡែកចំពោះប្រភេទបន្លែស្លឹក កាឆាយ ស្លឹកខ្ទឹម និងផ្លែម្ទេសដែលរថយន្តពិសោធន៍ចល័ត បានរកឃើញនូវមានសារធាតុកាកសំណល់ថ្នាំកសិកម្ម មន្រ្តីជំនាញ កាំកុងត្រូល នៅតែពុំអនុញ្ញាតឲ្យនាំចូលមកទីផ្សារក្នុងស្រុកខ្មែរនៅឡើយ លើកលែងតែមានឯកសារបញ្ជាក់ពីមន្រ្តីជំនាញវៀតណាម និងមានការពិនិត្យម្តងទៀតពីមន្រ្តីជំនាញកាំកុងត្រូលថា ប្រភេទបន្លែទាំងនេះ ពុំមានសារធាតុកាកសំណល់ថ្នាំកសិកម្មទើបអនុញ្ញាតឲ្យនាំចូលឡើងវិញ ៕
មតិយោបល់