ព័ត៌មានជាតិ

កម្លាំងនគរបាលសហការ បង្ក្រាបមុខសញ្ញាជួញដូរ ទ្រង់ទ្រាយធំ នូវសារធាតុគ្រឿងញៀន ឃាត់ខ្លួនបានម្នាក់

ក្រចេះ: កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នគរបាលបន្តស្រាវជ្រាវ បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំម្នាក់ទៀត នៅក្រុងក្រចេះ ក្រោមការបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត និងសម្របសម្រួលនីតិវិធី ដោយលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួហនគរបាលក្រុងក្រចេះ បានបន្តទៅបង្រ្កាបករណីជួញដូរគ្រឿងញៀនមួយកន្លែងទៀត នៅសង្កាត់ក្រចេះ ក្រុងក្រចេះ ក្រោយពីធ្វើការបង្រ្កាបបានមួយករណីរួចកន្លងមក ។

ជាលទ្ឋផល កម្លាំងនគរបាលបានធ្វើការចាប់ឃាត់ខ្លួន បានជនសង្ស័យម្នាក់ ឈ្មោះ វ៉ាត វិចទ័រ ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ។

ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចចាប់យកសម្ភារ:វត្ថុតាងរួមមាន៖ -ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនចំនួន១១កញ្ចប់ (ធំ៣កញ្ចប់ និងតូច៨កញ្ចប់) ។ នាយការិយាល័យប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ស៊ាង សុភ័ក្រ្ត បានឲ្យដឹងថា ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ និងវត្ថុតាងកំពុងឃាត់ខ្លួននិងរក្សាទុកបន្តនៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕


មតិយោបល់