ព័ត៌មានជាតិ

បាត់កូនមួយថ្ងៃ ស្អែកឡើងរកឃើញសាកសព សង្ស័យស្លាប់ដោយសារលង់ទឹកប្រឡាយ

កណ្តាល: ក្មេងប្រុសម្នាក់បានលង់ទឹកប្រឡាយស្លាប់ បណ្តាលអោយមានការភ្ញាក់ផ្អើល ក្រោយពីឪពុកម្តាយបាត់កូន ដើររកមិនឃើញ ឃើញតែគោ លុះដល់ព្រឹកឡើងរកឃើញសាកសពក្នុងប្រឡាយទឹក ។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចចុងបឹងស៊ីធរ ភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនរងគ្រោះ:ឈ្មោះ ជឿន ណារ៉ូ ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៦ ស្នាក់នៅភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ មានឪពុកឈ្មោះ ចឺម ជឿន អាយុ៤៥ឆ្នាំ មុខរបរកសិករ និងម្តាយឈ្មោះ អុន ចាន់ធឿន អាយុ៤៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ភ្នាក់ងារ Post News ប្រចាំខេត្តកណ្តាលបានរាយការណ៍មកថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១៦:០០នាទី ជនរងគ្រោះបានដើរម្នាក់ឯង ទៅផ្លាស់គោនៅចំណុចខាងជើងប្រឡាយស្ថានីយ៍បូមទឹកគ្រប់លាក់ ហើយជនរងគ្រោះបានដើរចុះក្នុងទឹកបឹងស៊ីធរដែលនៅជាប់ និងប្រឡាយស្ថាននីយ៍ រហូតដល់ម៉ោង១៨:៣០នាទី ដោយមិនឃើញកូនត្រឡប់មកផ្ទះវិញទើបឈ្មោះ ចឺម ជឿន ជាឪពុកបានដើររកតែរកមិនឃើញ បានបរតែគោមកផ្ទះ ។ លុះដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១០.៣០នាទី ឪពុក និងបងប្អូនព្រមទាំងអ្នកស្រុកបានទៅរាវរកនៅក្នុងប្រឡាយ និងក្នុងបឹងប្រទះឃើញសាកសព ឈ្មោះ ជឿន ណារ៉ូ ស្លាប់នៅក្នុងទឹកបឹង រុំជាប់ និងដើមឈូក ។

សមត្ថកិច្ចនគរបាលសហការ ជាមួយលោកមេឃុំ មេភូមិ គ្រូពេទ្យបានពិនិត្យសាកសពដោយហ្មត់ចត់ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ទើបសម្រេចវិនិច្ឆ័យថាជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាដកមែន ហើយបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់