ភ្នំពេញៈ តំបន់ព្រែកលៀបនរណាៗក៏បានស្គាល់យ៉ាងច្បាស់ដែល គឺជាសង្កាត់មួយដែលនៅជាយក្រុង ហើយនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខណ្ឌជ្រោយចង្វា ហើយសង្កាត់មួយនេះសំបូរទៅដោយភោជនីយដ្ឋាន ហើយក៏ដូចជាហាងអាហារតូចធំ អគារខុនដូរ សណ្ឋាគារ និងផ្ទះសណាក់ស្អេកស្កះ នៅតាមបណ្តោយមាត់ទន្លេមេគង្គក៏ដូចជានៅតាមបណ្តោយផ្លូវជាតិលេខ៦ ។
ទន្ទឹមនឹងភាពរីកចំរើនផ្នែកភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ខុនដូរទាំងអស់នេះ អាជ្ញាធរខណ្ឌជ្រោយចង្វា បានជំរុញឱ្យប្រជាពលរដ្ឋភ្ញាក់រលឹកក្នុងការរៀបចំសណ្តាប់ធ្នាប់សំអាតអនាម័យ ប្រឡងប្រណាំងទីក្រុងស្អាត ក៏ដូចជាចាត់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ៦ និងចុះពិនិត្យព្រមទាំងជំរុញឱ្យថៅកែហាងទាំងអស់ឱ្យធ្វើច្បាប់ទម្លាប់ឱ្យបានត្រឹមត្រូវគ្រប់ៗគ្នា ។
ខណៈនៅតំបន់មួយនេះមានការរីកចំរើន លើវិស័យភោជនីយដ្ឋាន និងវិស័យផ្សេងៗទៀត ក៏នៅមានចំណុចអវិជមានជាច្រើនផងដែរ ។ ជាក់ស្តែងនៅពេលថ្មីៗនេះ ស្រាប់តែមានម្ចាស់ផ្ទះនិងម្ចាស់ភោជនីយដ្ឋានខ្លះ បានចាក់ដីរំលោភចូលទន្លេជាដីសាធារណៈរបស់រដ្ឋ ហើយបានយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន និងម្ចាស់ហាងមួយចំនួនធំបានធ្វើខ្ចូសលើដីមាត់ទន្លេ និងធ្វើខ្ចូសបណ្តែតទឹកក្នុងទន្លេមេគង្គជាច្រើន ផុសត្រៀបត្រាពេញមាត់ទន្លេយ៉ាងអនាធិបតេយ្យដែលទីតាំងទាំងនោះ គឺជាដីចំណីទន្លេមេគង្គ ជាដីរបស់រដ្ឋសម្រាប់ជាផ្លូវទឹក និងជាទីលំហែរកាយទស្សនាមាត់ទន្លេមេគង្គរបស់ភ្ញៀវជាតិនិងអន្តរជាតិនារដូវទឹកឡើង ។ ហើយការរំលោភបំពានរបស់ពួកគាត់គឺជាការជាន់ឈ្លីទៅលើសោភណភាពទីក្រុងនិងជាន់ឈ្លីច្បាប់ទាំងស្រុងដែលអាជ្ញាធរមិនអាចនៅស្ងៀមហើយក៏មិនអាចមើលរំលងបានឡើយ ។
ទទឹងនេះដែល ម្ចាស់ហាងនីមួយៗបានធ្វើបង្គន់លើទន្លេនោះតែម្តង មិនតែប៉ុណ្ណោះម្ចាស់ហាងទាំងនោះ បានបោះសំរាមនិងកាកសំណល់ផ្ទះបាយផ្សេៗក៏ដូចជាបង្ហូរទឹកស្អុយចូលទៅក្នុងទន្លេនោះតែម្តង បង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ។
ម្ចាស់ហាងដែលសង់ខ្ចូសរំលោភយកដីចំណីទន្លេខុសច្បាប់ មានដូចជា ភោជនីយដ្ឋាន ចំការននោង ភោជនីយដ្ឋាន មាស៩៩ ភោជនីងដ្ឋានរំដួលព្រែកលៀប ភោជនីយដ្ឋានរំចង់ ភោជនីយដ្ឋានតាឪ ភោជនីយដ្ឋាន ទន្លេមាស ជាដើមនិងនៅមានភោជនីយដ្ឋានជាច្រើនទៀតហើយភាគច្រើនគឺគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរនោះទេ ។ បញ្ហានេះបើអាជ្ញាធរក្រុងក៏ដូចជាខណ្ឌព្រងើយកន្តើយមិនយកចិត្តទុកដាក់និងឆាប់ចាត់វិធានការទប់ស្កាត់ឱ្យទាន់ពេលវេលាទេនោះ សំណង់ខ្ចូសអនាធិបតេយ្យច្បាស់ជារីករាលដាលពាសពេញផ្ទៃទន្លេមេគង្គនោះជាក់ជាមិនខាន ហើយការបំពុលបរិស្ថានប្រាកដជាអាចធ្ងន់ធ្ងរជាងសព្វថ្ងៃនេះ ។
ដូច្នេះ បញ្ហាទាំងនេះគួរតែអាជ្ញាធរខណ្ឌក៏ដូចជាក្រុង ដាក់ផែនការឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសវាងនូវការរីករាលដាលអំពីបញ្ហាខាងលើនេះ វានាំឱ្យក្លាយជាដំបៅក្នុងសាច់ឯងធំឡើងៗ ទៅថ្ងៃក្រោយដែលមិនងាយនឹងព្យាបាលបាន។ ពាក់ពន្ធ័នឹងសំណង់ខ្ចូសអនាធិបតេយ្យនៅសង្កាត់ព្រែកលៀបនេះ លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀបបានឱ្យដឹងថា គឺសុទ្ធតែគ្មានច្បាប់ទាំងអស់ ដោយពួកគេបានលួចសង់ជារៀងរាល់ថ្ងៃ ។
លោក ឃន សុជាតិ នាយករងរដ្ឋបាលខណ្ឌជ្រោយចង្វា បានឱ្យដឹងថាលោកក៏មិនបានដឹងដែរ ចំពោះការសាងសហសំណង់ខ្ចូសថ្មីៗនៅតាមមាត់ទន្លេនោះ ចាំឱ្យកូនចៅចុះទៅមើល ៕
មតិយោបល់