ព័ត៌មានជាតិ

Update : ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តកៀរ រងរបួសបែកក្បាលហើយ ខូចម៉ូតូទៀត

ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តកូរ៉េចំណុះ២តោនកន្លះបើកមកកៀរ និងកិនម៉ូតូបណ្តាលអោយរងរបួសធ្ងន់ធ្ងរ រីឯម៉ូតូខូចខាតយ៉ាងដំណំ ខណៈជនរងគ្រោះជិះម៉ូតូឆ្លងផ្លូវ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៥និង២០នាទីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ទល់មុខនឹងវិទ្យាល័យហ៊ុនសែនជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ភ្នាក់ងារ Post News បានអោយដឹងថា ជនរងគ្រោះឈ្មោះ សៅ អាយុជាង៣០ឆ្នាំ មិនបានប្រាប់អត្តសញ្ញាណឲ្យអស់នោះទេ ។
ចំនែកម្ចាស់រថយន្តត្រូវបានអោយដឹងដែរថាមានឈ្មោះ នៅ ធី អាយុ៤៣ឆ្នាំ មុខរបរអ្នកបើកបរ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។ មានស្រុកកំណើតនៅភូមិព្រៃកោះ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនដំបូងគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដារឌ្រីមសង់ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GB-6470 ជិះតែម្នាក់ឯង តាមចិញ្ចើមផ្លូវក្នុងទិសដៅពីលិចទៅកើត បញ្ច្រាសទិសចរាចរណ៍ ខណៈមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឆ្លងផ្លូវមកស្តាំដៃ ឡើងលើផ្លូវជាតិលេខ៤ លុះមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកូរ៉េហ៊ីយ៉ាន់ដាយ ពណ៌ពាក់ស្លាកលេខ ភ្នំពេញ 3C-0723 បើកមកពីកើតទៅលិច កៀរម៉ូតូរបស់ជនរងគ្រោះបណ្តាលអោយជនរងគ្រោះដួលបែកមុខបែកមាត់រងរបួសធ្ងន់ធ្ងរ ចំណែកម៉ូតូត្រូវរថយន្តកិនបណ្តាលខូចខាតយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពីកើតហេតុរថយន្តបង្កបានបើករត់ជាង១០០ម៉ែត្រពីកន្លែងកើតហេតុ ត្រូវបានប្រជាពលរដ្ឋឃាត់បានទាំងរថយន្ត និងអ្នកបើកបរ ប្រគល់អោយសមត្ថកិច្ចយកមកប៉ុស្តិបណ្តោះអាសន្ន ចំណែកជនរងគ្រោះត្រូវបានគេជួយដឹកតាមកង់បីទៅព្យាបាលនៅ គ្លីនិកឯកជនក្បែរនោះ ដោយម៉ូតូ និងរថយន្តបង្ក សមត្ថកិច្ចជំនាញបានវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញចរាចរណ៍ ខណ្ឌពោធិសែនជ័យ រង់ចាំការដោះស្រាយ ៕

https://youtu.be/PkhO-QcYh4w

មតិយោបល់