ភ្នំពេញ: ដោយសារបញ្ហាអាកាសធាតុក្តៅហួតហែងយ៉ាងខ្លាំងនៅឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយ ដែលធ្លាប់មានទឹក បែរជារីងស្ងួតហួតហែង ដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិត សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។
ដោយឃើញពីផលលំបាកនិងទុកវេទនាបែបនេះ ហើយស្រប និងរដូវកាលដែលអ្នកភូមិត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមទំលាប់របស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ ឃុំគោកចក ក្រុងសៀមរាប រួមទាំងព្រះសង្ឃក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងនាពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាដើម្បីសុំទឹកភ្លៀង។
ក្រុមអ្នកភូមិនៅទីនោះបានរៀបចំនូវវគ្រឿងរណ្តាប់ថ្វាយពពួកទេវតា ម្ចាស់ទឹកដី និងបារមី ថែរក្សាដែនដីអាណាចក្រកម្ពុជា ក្នុងនោះមាន៖ ពោត សណ្តែក ល្ង ដំឡូង ត្រាវ ស្រូវ បង្អែម នំចំណី បាយសម្ល ផ្លែឈើ ក្បាលជ្រូកស្ងោរ មាន់ស្ងោរ និងរៀបចំគ្រឿងបាយសីតាមបែបបសាសនារួមទាំងមានថ្វាយភ្លេងពិណពាទ្យ ដើម្បីបូជាថ្វាយព្រះភិរុណ សែនម្ចាស់ទឹកម្ចាស់ដី និងបារមីដ៏ស័ក្តិសិទ្ធិនៅលើភ្នំបាខែងនេះផង។
តាមការកត់សម្គាល់អ្វីដែលប្លែកជាងការធ្វើរាល់ឆ្នាំរបស់អ្នកស្រុកនោះ គឺពិធីលាងដៃនៅប្រាសាទនាគព័ន្ធ ដែលជំនឿរបស់អ្នកស្រុកអង្គរ ក្នុងការប្រារព្ធពិធីសុំទឹកភ្លៀង នៅភ្នំបាខែងហើយក៏មានការតាំងសមាធិស្មឹងស្មាធ រួមចិត្ត រួមកាយ រួមបេះដូង តែមួយដើម្បីបួងសួងសុំឱ្យព្រះភិរុណបង្អុរភ្លៀងមកស្រោចស្រពផែនដី ដើម្បីសង្គ្រោះជីវិតសព្វសត្វលើផែនដី ដែលកំពុងខ្វះទឹកក្នុងតម្រូវការប្រចាំជីវិត។
អ្នកស្រី ពិសី មានស្រុកកំណើតនៅខេត្តកណ្តាល តែបានមករស់នៅទីនេះយូរឆ្នាំមកហើយ និងជាអ្នករៀបចំកម្មវិធីបួងសួងសុំទឹកភ្លៀងបានប្រាប់ថា “នេះជាលើកទី១ សម្រាប់ការរៀបចំពិធីបួងសួងសុំទឹកភ្លៀងនៅលើភ្នំបាខែង ហើយការជ្រើសរើសយកទីនេះ ជាកន្លែងប្រារព្ធពិធី ជាទីស័ក្តិសិទ្ធិ ទីដែលមានបារមីគង់នៅ ស័ក្តិសមក្នុងការប្រារព្ធពិធីនេះ”។
លោកស្រីបន្ថែមថា ពិធីនេះធ្វើឡើងដោយមានបញ្ចូលពិធីព្រហ្មមញ្ញសាសនាផង និងព្រះពុទ្ធសាសនាផង។ការធ្វើពិធីនេះដោយសារការអាណិតអាសូរ ដល់សព្វសត្វទាំងឡាយ រួមនិងរុក្ខជាតិដែលខ្វះទឹកយ៉ាងខ្លាំងរហូតដល់មានបាត់បង់ជីវិត ទើបបងស្រីនិងស្វាមីបានចំណាយថវិកាផ្ទាល់ខ្លួនរៀបចំពិធីកម្មនេះឡើង។
ពិធីនេះដែរក៏បានធ្វើតាមទម្លាប់តាំងពីបុរាណ ដែលឱ្យតែដល់ខែពិសាខ គឺអ្នកស្រុកអង្គរតែងរៀបចំពិធីបួងសួងសុំទឹកភ្លៀង ឱ្យភ្លៀងធ្លាក់គ្រប់គ្រាន់ ដើម្បីស្រោចស្រពផែនដី ឱ្យប្រជាជនបានធ្វើស្រែចម្ការ និងរុក្ខជាតិ សត្វទាំងពួងរស់បានសុខស្រួល។
ជាការកត់សម្គាល់ បន្ទាប់ពីធ្វើពិធីបួងសួងសុំទឹកភ្លៀង ដែលជាជំនឿរបស់អ្នកស្រុកអង្គរបានបញ្ចប់ គេឃើញថាមេឃមានពពកខ្មៅមានផ្លេកបន្ទោរ និងមានភ្លៀងធ្លាក់តិចតួច នៅក្នុងខេត្តសៀមរាប បង្ហាញថាពិធីនេះមានប្រសិទ្ធភាពគឺអ្នកស្រុកមានសង្ឃឹមខ្លាំង៕
មតិយោបល់