ព័ត៌មានជាតិ

ជនបរទេសម្នាក់ ដេកសន្លប់លើចិញ្ចើមថ្នល់ សង្ស័យដាក់ជ្រុល

ភ្នំពេញៈ បុរសបរទសម្នាក់ បានដើរទ្រេតពេញដងផ្លូវ សង្ស័យថាដាក់ជ្រុលរហូតស្រវឹងជោគជាំទៅមុខលែងរួច ក៏ដេកនៅលើចិញ្ចើមផ្លូវ រហូតមានរថយន្តសាមុយ មកដឹក ធ្វើឲ្យអ្នកធ្វើដំណើរហួសចិត្តគ្រប់គ្នា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទី ឈានចូលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវលេខ២៨៩ ក្រោមស្ពានអាកាស៥មករា ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីអ្នករត់ម៉ូតូឌុបនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ជាបរទេសខាងលើ បានដើរទ្រេតទ្រតពេញផ្លូវ ម្តុំផ្សារ៧មករា ដោយស្ថានភាពរបស់បុរសបរទេសនេះមើលទៅដូចជាស្រវឹងខ្លាំង។ ស្រាប់តែមួយស្ទុះក្រោយមក ជនបរទេស រូបនេះក៏ដើរមកដេកដួលនៅលើចិញ្ចើមផ្លូវ ក្រោមស្ពានអាកាស៥មករា ធ្វើឲ្យអ្នកដំណើរភ្ញាក់ផ្អើលឈប់រថយន្តម៉ូតូមើលស្មានថា មានរឿងអ្វីកើតឡើង។

ក្នុងសភាពបែបនេះ ជនបរទេសខាងលើ ត្រូវបានសមត្ថកិច្ចនិងអ្នកធ្វើដំណើរ ជួយហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះភ្លាមៗ ដើម្បីឲ្យគាត់បានដឹងខ្លួនឡើងវិញ ទើបគេអាចវិលត្រឡប់ទៅផ្ទះវិញដោយខ្លួនឯង ៕

មតិយោបល់