ភ្នំពេញៈ បុរស៣នាក់បានជិះម៉ូតូឌុបគ្នា ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ម្ដុំត្រឡោកបែក ត្រូវបានជនមិនស្គាល់មុខចំនួន៦នាក់ ដេញធាក់ផ្តួលម៉ូតូឲ្យដួល ហើយថែមទាំងនាំគ្នាដេញព្រួតវាយជនរងគ្រោះដោយមិនដឹងរឿងអ្វីទាល់តែសោះ បណ្តាលឲ្យរបួសធ្ងន់និងស្រាល៣នាក់ ផ្អើលបងប្អូនប្រជាពលរដ្ឋ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤៥នាទីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ៥៩៨ ម្ដុំត្រលោកបែក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលរងរបួសជើងម្ខាង បាននិយាយប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BZ-2904 ឌុបគ្នា៣នាក់ ចេញពីផ្ទះនៅម្តុំខណ្ឌសែខសុខ ដោយគាត់ប្រញាប់ជូនមិត្តគាត់ម្នាក់ដែលរងរបួសដៃហូរឈាមខ្លាំង ដើម្បីយកមកមន្ទីរពេទ្យព្យាបាល។ ប៉ុន្តែខណៈមកដល់ចំណុចកើតហេតុ ក៏មានមនុស្ស២ក្រុមកំពុងដេញវាយគ្នាយ៉ាងខ្លាំងនៅតាមបណ្តោយផ្លូវលេខ៥៩៨ ហើយពេលនោះស្រាប់មនុស្សចំនួន៦នាក់មិនស្គាល់មុខ បានរត់មកស្រែកខ្លាំងថាពួកអានឹងហើយៗ បានយកដុំថ្មគប់និងដេញធាត់ផ្តួលម៉ូតូពួកគាត់ដែលកំពុងជិះម៉ូតូ បណ្តាលឲ្យដួលម៉ូតូនៅកន្លែងកើតហេតុ។
ជនរងគ្រោះ បានបន្ថែមទៀតថា ក្រោយពួកគាត់ដួលម៉ូតូ មនុស្សមួយក្រុមនោះនៅតែដេញវាយ ពួកគាត់ទៀត បើទោះជាពួកគាត់ជាជនរងគ្រោះខំលើកដៃសំពះ សុំអង្វរយ៉ាងណាក៏ដោយ។ ដោយជនរងគ្រោះបានរងរបួសដៃស្រាប់នោះ ក៏ត្រូវគេគប់ថ្មបណ្តាលឲ្យបែកក្បាលរបួសជាន់ពីលើឈាមដៃបន្ថែម ហើយចំណែកបុរសដែលជាអ្នកឌុបត្រូវគេគប់មួយដុំថ្ម ត្រូវជើងខាងឆ្វេងរបួសហូរឈាមចូលគេចាក់កមាន់អញ្ចឹង ចំណែកបុរសដែលអង្គុយត្រូវគេវាយរបួសស្រាល។
បន្ទាប់ពីកើតហេតុជនរងគ្រោះគឺរបួសធ្ងន់ជាងគេ គាត់បានដេកអោបម៉ូតូរបស់គាត់នោះ ត្រូវរថយន្តសាមុយដឹកយកសង្គ្រោះសិន ហើយចំណែកអ្នករងរបួសស្រាលវិញបាននៅកន្លែងកើតរង់ចាំសមត្ថកិច្ចមកដល់។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍នេះមិនមែនជាលើកទី១នោះទេ បានក្លាយរឿងជាញឹកញាប់ទៅហើយ សម្បូរទៅដោយក្រុមក្មេងស្ទាវ ជក់ថ្នាំ និងពួកវាយប្លន់យកម៉ូតូ និងរបស់មានតម្លៃមួយចំនួន ពីអ្នកដែលធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ ម្តុំត្រឡោកបែកនេះតែម្ដង សកម្មភាពទាំងអស់នេះ ពិតជាធ្វើឲ្យប្រជាពលរដ្ឋមានកោតភ័យខ្លាច សឹងតែមិនហ៊ានជិះកាត់ផ្លូវនេះទៀតផង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក បានចុះមកដល់ និងសួរនាំជនរងគ្រោះឲ្យដឹងរឿង ទើបសមត្ថកិច្ចណែនាំ ជនរងគ្រោះឲ្យទៅដាក់នៅប៉ុស្តិ៍នគរបាលទឹកថ្លា ខណ្ឌសែនសុខ ទៅព្រោះកន្លែងកើតហេតុដំបូង មិននៅក្នុងទឹកដីខណ្ឌទួលគោកឡើយ៕
មតិយោបល់