ព័ត៌មានជាតិ

បុគ្គលិកណាហ្គាវើលដ៍ ត្រូវមុខសញ្ញាទើបចេញពីគុកឆក់កាបូបស្ពាយយកលុយជាង៥០០ដុល្លារ និងIPhone6 ២គ្រឿងទៅបាត់!

ភ្នំពេញៈ ជនជាតិអូស្ត្រាលី២នាក់ ដែលជាបុគ្គលិកនៅណាហ្គាវើលដ៍ ជិះម៉ូតូឌុប ត្រូវមុខសញ្ញាចាស់ទើបចេញពីគុក ធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ៥១ កែងនឹងផ្លូវ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសទាំង២នាក់ដែលជាជនរងគ្រោះខាងលើ មានឈ្មោះ Mandy Ka និងឈ្មោះ Man Cheung ជនជាតិអូស្ត្រាលី មានមុខរបរជាបុគ្គលិកណាហ្គាវើលដ៍ ស្នាក់នៅផ្ទះជួល ផ្លូវ១៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចាកចេញពីផ្ទះទៅហូបអាហារនៅហាងមួយកន្លែង តាមបណ្តោយផ្លូវ៦៣ និងបានចាកចេញមកធ្វើការងារនៅណាហា្គវើលដ៍ ដោយជិះម៉ូតូឌុបតាមផ្លូវ៥១ មកដល់ចំណុចកើត ក៏ស្រាប់តែមានជនសង្ស័យចំនួន២ជិះម៉ូតូមិនចាំម៉ាក ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចតែម្តង ដោយនៅក្នុងកាបូបស្ពាយមានលុយដុល្លារហុងកុង ចំនួន៣,៨៧០$ ស្មើនឹង៥៤០ដុល្លារសហរដ្ឋអាមេរិច, ទូរសព្ទIPhone 6ចំនួន២គ្រឿង ឯកសារធ្វើការងារនៅណាហ្គាវើលដ៍ រួមទាំងសម្ភារៈមួយចំនួនទៀត ។

យោងតាមសមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យដែលធ្វើសកម្មភាពឆក់លើកនេះជាមុខសញ្ញាចាស់ទើបចេញពីគុក ។ ដោយពីមុនខាងសមត្ថកិច្ច បានសហការគ្នាចុះបង្ក្រាបបក្ខពួកធ្វើឲ្យមានសភាពស្ងប់ស្ងាត់ម្តងរួចមកហើយ ទើបតែនាពេលថ្មីៗនេះ សកម្មភាពឆក់ដូចជាចាប់ផ្តើមកក្រើកឡើងវិញហើយ ។

បច្ចុប្បន្នជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចតុមុខ ដើម្បីស្រាវជ្រាវចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

https://youtu.be/qUp1e4sZlYk

មតិយោបល់