ជប៉ុនៈ រដ្ឋាលភិបាលក្រុងតូក្យូ គ្រោងនឹងបញ្ជូននាវាចម្បាំងធំបំផុតរបស់ខ្លួន សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីខែ ទៅកាន់សមុទ្រចិនខាងត្បូង ដែលនឹងចាប់ផ្ដើមនៅខែឧសភាខាងមុខនេះ។ តាមប្រភពចំនួនបី បាននិយាយថា គម្រោងនេះ វាជាការបង្ហាញកងកម្លាំងទ័ពជើងទឹកដ៏ធំបំផុតរបស់ជប៉ុន ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ នៅក្នុងតំបន់នោះ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។
ប្រទេសចិន បានអះអាងថា ស្ទើរតែជម្លោះទាំងអស់នៅដែនទឹក និងការបង្កើនវត្តមានយោធារបស់ខ្លួន គឺដោយសារការព្រួយបារម្ភពីប្រទេសជប៉ុន និងលោកខាងលិច ព្រមទាំងសហរដ្ឋអាមេរិក ជាហេតុនាំឲ្យខ្លួនតែងតែប្រើប្រាស់កងកម្លាំងអាកាស និងកងនាវាចរល្បាត ដើម្បីធានាចំពោះសេរីភាព នៃការធ្វើនាវាចរណ៍។
នាវាចម្បាំង Izumo ផ្ទុកឧទ្ធម្ភាគចក្រ ទើបត្រូវបានដាក់ឲ្យប្រើកាលពីពីរឆ្នាំកន្លងទៅ ដែលវានឹងត្រូវធ្វើដំណើរឈប់ នៅក្នុងប្រទេសសិង្ហបុរី, ឥណ្ឌូនេស៊ី, ហ្វីលីពីន និងស្រីលង្កា មុនពេលចូលរួមធ្វើសមយុទ្ធជើងទឹក Malabar ជាមួយប្រទេសឥណ្ឌា និងនាវាកងទ័ពជើងទឹកអាមេរិក នៅមហាសមុទ្រឥណ្ឌា នាខែកក្កដាខាងមុខ។
នាវាចម្បាំងនេះ នឹងត្រូវត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ នៅខែសីហា នេះយោងប្រភពដដែលបានឲ្យដឹង។
មន្ត្រីរដ្ឋាភិបាលម្នាក់ សុំមិនផ្តល់មិនផ្ដល់អត្តសញ្ញាណ បានប្រាប់ឲ្យដឹងថា «គម្រោងនេះ ក្នុងគោលបំណង ដើម្បីសាកល្បងសមត្ថភាពរបស់នាវាចម្បាំង Izumo តាមរយៈយកវាចេញទៅធ្វើបេសកកម្មនេះ លើសពីនេះទៅទៀត វានឹងទទួលការហ្វឹកហាត់ជាមួយកងទ័ពជើងទឹកអាមេរិក នៅក្នុងសមុទ្រចិនខាងត្បូងផងដែរ»។
ពាក់ព័ន្ធនឹងរឿងនេះដែរ អ្នកនាំពាក្យរបស់កងកម្លាំងការពារជាតិជប៉ុន បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់៕
មតិយោបល់