ពោធិ៍សាត់ៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តម៉ាកស៊ាំយ៉ុងមួយគ្រឿង ប្រឡះជាមួយនឹងម៉ូតូវ៉េវអាល់ហ្វា ពេញទំហឹង បណ្តាលឲ្យរថយន្តបួងចង្កូតក្រឡាប់ផ្ងារជើង នៅលើចិញ្ចើមផ្លូវរងការខូចខាត ចំណែកអ្នកបើកបរម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤៥នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២០៣-២០៤ ភូមិក្រាលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក អធិការរងស្រុកបាកាន បានប្រាប់Post News ឲ្យដឹងថា ករណីនេះគឺបង្កឡើងដោយរថយន្តម៉ាក ស៊ាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-1691 បើកបរក្នុងទិសដៅពីកើតទៅលិច លុះបានមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលចង្កូតទៅបុកម៉ូតូវ៉េវអាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីលិចទៅកើត បើកបរដោយឈ្មោះ ខុន សៀម ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិពិតត្រង់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែករថយន្តបង្កវិញបានបួងចង្កូតក្រឡាប់ផ្ងារជើងនៅលើចិញ្ចើមផ្លូវ រងការខូចខាត រីឯអ្នកបើកបររថយន្តវិញបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ជំនាញបានចុះមកធ្វើការពិនិត្យនិងវាស់វែងនាំយកមធ្យោបាយធ្វើដំណើរ ទាំង២គ្រឿងយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់