ព័ត៌មានជាតិ

កូរ៉េខាងត្បូង រកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី Delta Plus ២ករណីដំបូង

 

(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានប្រកាសពីការរកឃើញវីរុស COVID-19 បំប្លែងថ្មី Delta Plus ២ករណីដំបូងបំផុត ខណ:ប្រទេស អាស៊ីខាងកើតមួយនេះកំពុងតស៊ូប្រយុទ្ធជាមួយរលកទី៤ ដែលកំពុងឆ្លងរាតត្បាតទូទាំងប្រទេស។

វីរុស COVID-19 បំប្លែងថ្មី Delta Plus ដែលមានប្រភពដើមនៅក្នុងប្រទេសឥណ្ឌាត្រូវបានរាយការណ៍ក្នុងចំនួនតិចតួចនៅឡើយ នៅតាមប្រទេសមួយចំនួន ដូចជា អង់គ្លេស, ព័រទុយហ្កាល់ និងឥណ្ឌា។ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាករណីឆ្លងវីរុសបំប្លែងថ្មី Delta Plus ដំបូង ត្រូវបានរកឃើញលើបុរសម្នាក់មានអាយុ ៤០ឆ្នាំ ដែលមិនធ្លាប់មានប្រវតិ្តធ្វើដំណើរទៅបរទេស កាលពីពេលថ្មីៗ នេះឡើយ។ ចំណែកឯ ករណីឆ្លងវីរុសបំប្លែងថ្មីនេះទី២ រកឃើញលើអ្នកដំណើរម្នាក់មកពីបរទេស។

កូរ៉េខាងត្បូង នៅថ្ងៃច័ន្ទសប្ដាហ៍នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ប្រចាំថ្ងៃ ១,២០២នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២០២,២០៣នាក់ ក្នុងនោះស្លាប់ ២,១០៤នាក់៕

ប្រភព៖​​​​​​​ Reuters

 

មតិយោបល់