ព័ត៌មានជាតិ

ស្ត្រីម្នាក់ បានបាត់ប្តីជាង០២ខែ បានរកឃើញនៅផ្ទះជួលប្រពន្ធចុង

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាត់​ខ្លួន​ពី​ផ្ទះ​ជាង ​០២​ខែ​មកហើយ ​ដោយ​បាន​ទៅ​លោង​លោម​ស្ត្រី​ម្នាក់ ហើយ​បុរស​នោះ ​បាន​អះអាង​ថា ​ខ្លួន​លែងលះ​ប្រពន្ធដើម​ដាច់ស្រេច​ហើយ ​និង​បាន​មក​រួម​រស់នៅ​ជាមួយគ្នា​បាន​រយៈពេល ០២​ខែ ​ហើយក៏​ត្រូវ​បាន​ប្រពន្ធដើម ​ប្រទះឃើញ​នៅផ្ទះ​ជួល​ជាមួយគ្នា កាល​ពី​ថ្ងៃទី​០៤ ​ខែមេសា ឆ្នាំ​២០១៦ ដែល​ស្ថិតនៅ​ចំណុច​បន្ទប់​ជួល ផ្លូវលំ​ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ 
ស្ត្រី​ដែល​ត្រូវជា​ប្រពន្ធចុង​នោះ​មានឈ្មោះ យ៉ុង ភេទ ស្រី អាយុ ៤០​ឆ្នាំ មុខរបរ​ លក់​ចេកចៀន ស្នាក់នៅ​ផ្ទះជួល​ខាងលើ មាន​ស្រុកកំណើត​ភូមិ​ថ្មី ឃុំ​កោះធំ ស្រុក​ស្អាង ខេត្តកណ្តាល​ ។​ ចំណែកឯ​បុរស​ជា​ប្តី​មានឈ្មោះ ណាត ភេទ ប្រុស អាយុ ៥០​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប​ ដែល​មាន​ប្រពន្ធដើម​ឈ្មោះ ហៀ​ង ភេទ ស្រី អាយុ ៤៨​ឆ្នាំ មុខរបរ លក់​បន្លែ ស្នាក់នៅ​ក្បែរ​ផ្សារ​ជម្ពូ​វ័​ន្ត ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ជាមួយគ្នា ។ 
ស្ត្រី​ដែល​ជា​ប្រពន្ធចុង​ បាន​បន្តទៀតថា​ រូបគាត់​បាន​លែង​លះគ្នា​ជាមួយ​ប្តី​មុន​រយៈពេល​ជាង ​៦​ឆ្នាំ​មកហើយ ​ដោយ​មាន​កូន​ចំនួន ០៣​នាក់​ហើយ ក្រោយមក ទើប​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ខាងលើ​បាន​រយៈពេល​ជាង ​០៥​ខែ ​ហើយ​ទើបតែ​រស់នៅ​ជាមួយគ្នា​នៅផ្ទះ​ជួល​ជាង​ ០២​ខែ​ទេ ។
ស្រាប់តែ​នៅ​ថ្ងៃកើតហេតុ​ខាងលើ ក៏​ត្រូវ​បាន​ប្រពន្ធដើម​មក​ឃើញ​នៅផ្ទះ​ជួល​ ហើយ​បាន​រករឿង ព្រម​ទាំង​បាន​វាយ​ឲ្យ​រហែក​ខោអាវ ​និង​បាន​ឈ្លោះប្រកែក​គ្នា​មួយ ប្រាវ ទើប​នាំគ្នា​មក​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ។ 
​ក្រោយមក ស្ត្រី​ដែល​ជា​ប្រពន្ធចុង​នោះ​ បាន​ទាមទារ​សងជំងឺចិត្ត​ពី​ប្រពន្ធដើម​ចំនួន ​៣០០​ដុល្លារ​​អាមេរិក តែ​ប្រពន្ធដើម​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​ហៅ​ប្តី​របស់​គាត់​មក​ធ្វើ​កិច្ចសន្យា​ឈប់​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​និង​ប្រពន្ធចុង​ទៀត ៕

   
    
 

មតិយោបល់