ព័ត៌មានជាតិ

កូនក្មេង៣ នាក់ ពុលមីកញ្ចប់តូចនៅ ស្រុកជីក្រែង

សៀមរាប ​៖​ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ក្មេងៗ​ប្រុស​/ស្រី​ចំនួន​០៣​នាក់​ បាន​ពុល​មី​កញ្ចប់​តូចៗ ​ដែល​ពួកគេ​ទិញ​នៅ​តូប​ចាប​ហួយ​ យក​មក​ហូប​ស្រាប់តែ​ក្អួតចង្អោរ​ពុល​តែ​ម្តង​ហើយ​ត្រូវ​បាន​ក្រុមគ្រួសារ​ជួយសង្គ្រោះ​ទាន់​ពេល​។ 
ករណី​ពុល​មី​កញ្ចប់​ខាង​លើនេះ​កើតឡើង​នៅ​ថ្ងៃទី​០៣ ​ខែមេសា ​ឆ្នាំ​២០១៦​ក្នុងភូមិ​ក្រាំង​ ឃុំ​ខ្វាវ​ស្រុក​ជីក្រែង​ខេត្តសៀមរាប​។     
លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​ស្តីទី​ស្រុក​ជីក្រែង​ បាន​ឲ្យ​ដឹងថា ​ករណី​ក្មេង​ពុល​មី​កញ្ចប់​តូចៗ ​ដែល​មាន​លាយ​គ្រឿងផ្សំ​រួច​ច្រក​កញ្ចប់​តូច​នោះ​គឺ​ពិត​ជាមាន​មែនហើយ​ហេតុការណ៍​នេះ​ក្រុម​គ្រួសារ​ជួយសង្គ្រោះ​ទាន់​ពេល​ដោយ​មិន​បណ្តាល​ឲ្យ​ក្មេង​ណា​ម្នា​ក់​រង​ការ​ពុល​ធ្ងន់ធ្ងរ​នោះទេ​។​
លោ​កប​ម្ត​ថា​ ក្មេង​ដែល​ពុល​មី​កញ្ចប់​តូច​ដែល​មាន​លេខ​កូដ​៨៩១ នោះ​មានឈ្មោះ​ទី​១-​ឈ្មោះ ​ហឹម សុ​ឃី ភេទ​ស្រី ​អាយុ​៨​ឆ្នាំ​, ទី​២-​ឈ្មោះ ហឹម ឃន់ ​ភេទ​ប្រុស អាយុ​៣​ឆ្នាំ ត្រូវជា​ប្អូន​ឈ្មោះ ​ហឹម សុ​ឃី និង​ទី​៣-​ឈ្មោះ វី ពិសិដ្ឋ ភេទ​ស្រី អាយុ​២​ឆ្នាំ​។ 
លោក​បន្តថា​ ​ចំពោះ​ផលិតផល​មី​កញ្ចប់​តូច​វិញ​កម្លាំង​សមត្ថកិច្ច​ស្រុក​កំពុង​ធ្វើការ​ត្រួ​ត​ពិនិត្យ​ជាមួយ​មន្ទីរ​សុខាភិបាល​ស្រុក ​ដើម្បី​ឲ្យ​ដឹង​ថា​ មី​កញ្ចប់​នោះ​មាន​សារធាតុពុល​ឫ​មួយ​មកពី​ផលិតផល​នោះ​ហួស​កាល​បរិច្ឆេទ​។​លោក​បន្ថែមថា ​ក្នុងនាម​ជា​សមត្ថកិច្ច​សូម​ធ្វើការ​អំពាវនាវ​ដល់​មាតាបិតា​ក្មេងៗ​ទាំងអស់​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​អំ​ពី​បញ្ហា​សុខុមាលភាព​របស់​កូនៗ​ត្រូវ​ធ្វើ​ការ​ពន្យល់​ឲ្យ​បាន​ច្រើន​អំពី​នំ​ចំណី​ដែល​ញាំ​ទៅ​ធ្វើ​ឲ្យ​ពុល​ដូចជា​ករណី​ខាង​លើនេះ​។
សូម​រំលឹកថា ​កន្លងទៅ​នៅ​ខេត្តសៀមរាប ​ធ្លាប់​មាន​កូនក្មេង​តូចៗ​បាន​ទៅ​ទិញ​នំចំណី​ផ្សេងៗ​នៅតាម​តូប​ចាបហួយ ហើយ​បាន​ពុល​ជា​បន្តបន្ទាប់​ដែរ​តែ ​ជំនាញ​ពាក់​ព័ន្ធ​នៅ​ក្នុង​ខេត្ត​នេះ​ហាក់​នៅ​មិនទាន់​ស្រាយ​ចម្ងល់​ទាំងនេះ​ជូន​រាស្ត្រ​នៅឡើយ​៕

   
   

មតិយោបល់